កំពង់ឆ្នាំង៖ ដំណើរការប្រណាំងទូកងចំនួន៧គូនៅវត្តកោះថ្កូវ ឃុំកោះថ្កូវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្អាកកម្មវិធីទៅវិញដោយសារមេឃមានខ្យល់ និងភ្លៀងខ្លាំង នាំអោយគណៈកម្មាធិការមិនអាចបន្តការប្រណាំងនេះតទៅទៀតបាន ខ្លាចគ្រោះថ្នាក់ដល់ក្រុមកីឡាករ។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីបានអោយដឹងថា ដើម្បីធ្វើអោយប្រជាពលរដ្ឋចូលរួមលេងកំសាន្តនៅតាមភូមិឃុំស្រុក យើងបានបង្កើតអោយមានការប្រណាំងទូកងបែបនេះជារៀងរាល់ឆ្នាំ និងដំណើរការទៅដោយរលូន ។ ការប្រណាំងទូកងនៅឃុំកោះថ្កូវនេះមានទាំងអស់៥គូ មានទាំងទូកចែវ និងទូកអុំ ដែលមានកីឡាករកីឡាការនីចូលរួមប្រកួតជិត៥០០នាក់ មកពីស្រុកជលគិរី ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកកំពង់លែង ។ ការប្រណាំងបានចាប់ផ្តើមនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃនេះ ក៏ប៉ុន្តែដោយសារកត្តាអាកាសធាតុមិនល្អ គណកម្មាធិការប្រណាំងទូកង ក៏សម្រេចចិត្តផ្អាកការប្រណាំងទូកតែម្តងទៅ ដោយសារខ្លាចប៉ះពាល់ដល់សុខសុវត្ថិភាពរបស់កីឡាករកីឡាការនីក្នុងពេលប្រណាំង។
ប្រជាពលរដ្ឋក៏បានសំដែងនូវទឹកចិត្តសប្បាយរីករាយផងដែរ ក្រោយគណៈកម្មាធិការប្រណាំងទូកសម្រេចចិត្តបានល្អបែបនេះ ព្រោះឆ្នាំនេះទឹកទន្លេឡើងធំជាងឆ្នាំកន្លងទៅ ប្រសិនបើមានការប្រណាំងក្នុងពេលមានភ្លៀងខ្យល់បែបនេះ និងពេលមានឧបទវហេតុលិចទូកកើតឡើង ថាតើមានមនុស្សប៉ុន្មាននាក់ដែលបានរងគ្រោះ។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រណាំងទូកង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្កលក្ខណៈសប្បាយៗដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕ អត្ថបទ៖ ហុង វាស្នា








