បាល់ទាត់៖ បន្ទាប់ពីបរាជ័យលើកដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Tuchel កាលពីថ្ងៃសៅរ៍ក្រោមថ្វីជើង West Brom ៥-២ ក្រុមតោខៀវ Chelsea បានត្រលប់រកបានជ័យជំនះវិញភ្លាមៗ ក្រោយឈ្នះក្រុមព័រទុយហ្កាល់ ២-០ ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។

ខ្សែបំរើអង់គ្លេស Mason Mount បើកការនាំមុខឲ្យ Chelsea ក្នុងវគ្គទី១ នាទីទី៣២។ ខ្សែការពារឆ្វេង Ben Chilwell ជាអ្នកសំរេចគ្រាប់ទី២ ក្នុងការប្រកួតនេះនៅចុងម៉ោងនាទីទី៨៥។ ថ្វីបើទើបចាញ់ West Brom ៥-២ ស្ថិតិការពាររបស់ Chelsea នៅ Champions League មិនធម្មតាឡើយរដូវកាលនេះដោយនេះជាប្រកួតទី៧ ដែល Chelsea មិនរបូតគ្រាប់បាល់។ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយរវាងក្រុមទាំង២ ធ្វើឡើងនៅកីឡដ្ឋានរបស់ Sevilla ទាំង ២ជើងដោយការប្រកួតយប់មិញ Porto ជាក្រុមម្ចាស់ផ្ទះ មានន័យថា Chelsea មានគ្រាប់ក្រៅដី ២គ្រាប់មុនជំនួបនៅទីនេះដដែលជើងទី២ ដែល Chelsea ជាម្ចាស់ផ្ទះវិញ។

Chelsea ដែលឈ្នះជើងឯក UEFA Champions League លើកចុងក្រោយនៅឆ្នាំ២០១២ ដែលយកឈ្នះ Bayern Munich បាល់ ១១ម៉ែត្រកាត់សេចក្ដីនោះ កំពុងសម្លឹងឃើញកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងតាំងពីឆ្នាំ២០១៤ ដែលនៅពេលនោះចាញ់ Atletico Madrid៕
អត្ថបទ៖នាង សុភាវុធ