រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ មានគ្រោះអគ្គិភ័យបានកើតឡើងប្រមាណ ៣០លើក កើនឡើងចំនួន៦ករណី បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកឧត្តមសេនីយឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងនាព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២គ្រោះអគ្កិភ័យបានកើតឡើងចំនួន ២៦លើក។ ចំណែកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ (រយៈពេល៣ថ្ងៃ) នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ០៤លើក (ដូចឆ្នាំមុន) បើសរុបទាំង១៥ថ្ងៃ គឺមានចំនួន៣០លើក កើនឡើង៦លើកធៀបនឹងឆ្នាំមុន។

របាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបង្ហាញថា នៅថ្ងៃបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គ្រោះអគ្កិភ័យបានកើតឡើងចំនួន ២៦លើក កើនឡើងចំនួន៦លើកប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះរួមឆេះផ្ទះ ២៣ខ្នង, ឆេះបន្ទប់ ០១ករណី, តូបលក់ដូរ០១ករណី, ឆេះរថយន្ត ០៣គ្រឿង, ស្លាប់មនុស្សម្នាក់ និងរបួសម្នាក់។

ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ១៧លើក, ភ្លើងចង្ក្រាន ០២លើក, ភ្លើងទៀនធូប០១លើក, មនុស្សដុត ០២លើក និងកំពុងបន្តស្រាវជ្រាវរកមូលហេតុ ០៣លើក។ ចំណែករយៈពេល៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ០៤លើក ពោលគឺស្មើគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះឆេះផ្ទះ ០៤ខ្នង មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ០១លើក, ភ្លើងទៀនធូប ០២លើក និងមនុស្សដុត ០១លើក។
បើសរុបរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃបិណ្ឌ០១ ដល់បិណ្ឌទី១៤ នៃថ្ងៃប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២២ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣០លើក (កើនឡើង ៦លើក) ប្រៀធៀបនឹងឆ្នាំ២០២១៕
