រុស្ស៊ី៖ អតីតមន្ត្រីចារកម្មនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិកលោក Edward Snowden ត្រូវបានផ្ដល់សញ្ជាតិរុស្ស៊ី។ ដំណឹងនេះត្រូវបានបញ្ជាក់នៅក្នុងក្រឹត្យមួយដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានបង្ហោះនៅក្នុងគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ។
លោក Snowden បានមកដល់ប្រទេសរុស្ស៊ីលើកដំបូងក្នុងឆ្នាំ២០១៣ បន្ទាប់ពីលេចធ្លាយឯកសារសម្ងាត់ដែលបង្ហាញពីបណ្តាញដ៏ធំនៃការឃ្លាំមើលក្នុងស្រុក និងអន្តរជាតិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រោយមកវិមានក្រឹមឡាំងបានផ្តល់សិទ្ធិជ្រកកោនឲ្យលោក ទោះបីជាសហរដ្ឋអាមេរិកបានបន្តការចោទប្រកាន់ពីបទចារកម្មក៏ដោយ។ ក្នុងឆ្នាំ២០២០ លោក Snowden បានប្រកាសថា លោក និងភរិយាបានដាក់លិខិតស្នើសុំសញ្ជាតិរុស្ស៊ី ខណៈដែលអ្នកទាំង២ រំពឹងថានឹងមានកូនដំបូងអំឡុងជំងឺរាតត្បាតសកល។
អ្នកទម្លាយព័ត៌មានសម្ងាត់រូបនេះបានអះអាង និងការពារភាពស្ងៀមស្ងាត់របស់លោកជុំវិញសកម្មភាពថ្មីៗរបស់វិមានក្រឹមឡាំងនៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា ទស្សនៈរបស់លោកលែងមានប្រយោជន៍ទៀតហើយ បន្ទាប់ពីលោកបានទទូចដោយខុសឆ្គងថា ចារកម្មរបស់សហរដ្ឋអាមេរិកមានកំហុសក្នុងការវាយតម្លៃ លើការវាយប្រហាររបស់រុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួន៕
អត្ថបទ៖ សុខមាន