ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 កាណាដា Nicolas Latifi នឹងចាកចេញពីក្រុម F1 Williams ក្រោយចប់រដូវកាល ២០២២ នេះហើយ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Williams តាំងពីឆ្នាំ២០២០ តែមិនអាចប្រជែងជាមួយមិត្តរួមក្រុម George Russell និង Alex Albon បាន។

ក្រុម F1 Williams ទើបតែបានប្រកាសកាលពីដើមខែថា កីឡាករថៃ Alex Albon នឹងបន្តនៅជាមួយក្រុមសម្រាប់ឆ្នាំ ២០២៣។ រដូវកាល ២០២២ នេះ Nicolas Latifi រកមិនទាន់បានសូម្បីមួយពិន្ទុដោយឈរលេខ ២១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។ Nicolas Latifi ធ្លាប់មានចំនាត់ថ្នាក់ល្អបំផុតកាលពីឆ្នាំ២០២១ ដោយបានបញ្ចប់ការប្រកួតនៅប្រទេសហុងគ្រីនៅចំណាត់ថ្នាក់លេខ ៧។ ដោយឡែកសម្រាប់កៅអីដែលនឹងមកជំនួសតំណែង Latifi នៅក្រុម Williams ឆ្នាំក្រោយត្រូវបានគេជឿថាជាកីឡាករអូស្ត្រាលី Oscar Piastri ដែលជាជើងឯកពិភពលោក Formula 2៕
អត្ថបទ៖នាង សុភាវុធ