ស្នូកឃ័រ៖ កំពូលកីឡាករស្នូកឃ័រជើងឯកពិភពលោក ៧សម័យ Ronnie O’Sullivan បានធ្លាក់ចេញពីព្រឹត្តិការណ៍ស្នូកឃ័រជើងឯក British Open ត្រឹមជុំទី១ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករលំដាប់លេខ ៦៣ ពិភពលោក Alexander Ursenbacher។

នេះជាបរាជ័យលើកទី៣ របស់ Ronnie O’Sullivan ក្នុងប្រវត្តិជួបជាមួយកីឡាករស្វីសវ័យ ២៦ឆ្នាំរូបនេះ។ កីឡាករវ័យ ៤៦ឆ្នាំ Roonie O’Sullivan ឈ្នះតែមួយប្រកួតគត់ក្នុងប្រវត្តិជួបគ្នា ៤លើកជាមួយ Alexander Ursenbacher។ អ្នកការពារតំណែងជើងឯកពិភពលោក O’Sullivan ចាប់ផ្តើមដោយត្រូវបាន Ursenbacher នាំមុខមុន ២ហ្វ្រេម មុនពេលដែលតាមបានមួយហ្វ្រេមវិញនៅហ្វ្រេមទី៣។ យ៉ាងណាក្តី Ursenbacher ដែលកំពុងមានទំរង់ល្អក៏បានយកឈ្នះ ២ហ្វ្រេមផ្ទួនៗដើម្បីយកឈ្នះការប្រកួតដោយលទ្ធផល ៤-១ហ្វ្រេម។
ចំណែកឯលទ្ធផលផ្សេងទៀត Shaun Murphy បានរងបរាជ័យក្រោមស្នាដៃកីឡាករ Gary Wilson និងជាបរាជ័យមិនអស់ចិត្ត បន្ទាប់គ្រាប់កាត់សេចក្តីចុងក្រោយនៃហ្វ្រេមកាត់សេចក្តីទី៧ Murphy វាយបញ្ចូលឡូគ្រាប់ខ្មៅចុងក្រោយតែគ្រាប់សបែជាធ្លាក់ចូលឡូដែរ ធ្វើឱ្យ Gary Wilson ជាអ្នកឈ្នះដោយលទ្ធផល ៤-៣ហ្វ្រេម។ រីឯអ្នកការពារតំណែងជើងឯកនៅ British Open នេះកីឡាករជើងចាស់ Mark Williams មិនមានបញ្ហាឡើយដោយបន្តដំណើរទៅជុំទី២ ជាមួយនឹងអតីតជើងឯកពិភពលោកទាំងពីរ Judd Trump និង Mark Selby៕
អត្ថបទ៖នាង សុភាវុធ