រុស្ស៊ី៖ ក្រុមអាជ្ញាធរបាននិយាយថា បាច់ផ្កា ប្រដាប់ប្រដាក្មេងលេង និងទៀនត្រូវបានដាក់នៅខាងក្រៅសាលារៀនមួយកន្លែងក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារកាលពីថ្ងៃចន្ទបណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់ និង ២៤នាក់ផ្សេងទៀតរងរបួសមុនពេលបាញ់សម្លាប់ខ្លួនឯង។

ការបាញ់ប្រហារនេះបានកើតឡើងនៅសាលារៀនមួយក្នុងទីក្រុង Izhevsk ជាទីក្រុងមានចម្ងាយ ៩៦០គីឡូម៉ែត្រភាគខាងកើតទីក្រុងមូស្គូក្នុងតំបន់ Udmurtia។ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងមានឈ្មោះ Artyom Kazantsev អាយុ ៣៤ឆ្នាំជានិស្សិតបញ្ចប់ការសិក្សានៅសាលារៀននេះ។ រដ្ឋាភិបាលតំបន់ Udmurtia និយាយថា មនុស្ស ១៧នាក់រួមមានកុមារ ១១នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនេះ។ យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានឲ្យដឹងថា មនុស្ស ២៤នាក់ផ្សេងទៀតរួមមានកុមារ ២២នាក់បានរងរបួសក្នុងការវាយប្រហារនេះ។

អាជ្ញាធរតំបន់និយាយថា ខ្មាន់កាំភ្លើងបានចុះឈ្មោះជាអ្នកជំងឺនៅមណ្ឌលព្យាបាលមនុស្សវិកលចរិត បានសម្លាប់ខ្លួនឯងបន្ទាប់ពីការវាយប្រហារ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចាត់ទុកការបាញ់ប្រហារនេះថាជា «សកម្មភាពភេរវកម្ម» និងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់បទបញ្ជាចាំបាច់ទាំងអស់ដល់អាជ្ញាធរពាក់ព័ន្ធ។ ឆ្មាំជាតិរបស់រុស្ស៊ីបាននិយាយថា ខ្មាន់កាំភ្លើង Kazantsev បានប្រើប្រាស់កាំភ្លើងខ្លីចំនួន ២ដើមបាញ់គ្រាប់ពិត ដែលកាំភ្លើងទាំងនេះមិនបានចុះបញ្ជីជាមួយអាជ្ញាធរនោះទេ៕
អត្ថបទ៖ ប៊ុនថន