ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន នៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២២នេះ បន្តធ្វើដំណើរចូលមករាជធានីភ្នំពេញ ក្រោយឈប់សម្រាកជាច្រើនថ្ងៃ ក្នុងកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។
នៅថ្ងៃអង្គារ៍នេះ ទិដ្ឋភាពរាជធានីភ្នំពេញ ចាប់ផ្ដើមមានភាពមមាញឹកជាថ្មី រាប់បញ្ចូលទាំងការធ្វើចរាចរណ៍ និងការប្រកបអាជីវកម្មជាដើម។ សម្រាប់ថ្ងៃនេះ ប្រជាពលរដ្ឋដែលបានចាកចេញទៅស្រុកកំណើតកំឡុងពេលភ្ជុំបិណ្ឌ កំពុងធ្វើដំណើរចូលរាជធានីភ្នំពេញ តាំងពីព្រឹកព្រលឹម ខណៈពួកគាត់មួយចំនួនត្រូវចូលបំពេញការងារនៅថ្ងៃនេះ និងមួយចំនួនត្រូវបំពេញការងារនៅថ្ងៃស្អែក។
ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ ១ គឺមានការធ្វើដំណើររបស់ពលរដ្ឋចូលមករាជធានីភ្នំពេញក្នុងចំនួនច្រើន ចេញពីស្រុកកំណើតនៅខេត្ត កណ្ដាល ព្រៃវែង និងខេត្តស្វាយរៀង។ ការធ្វើដំណើរមានទាំងការប្រើប្រាស់ម៉ូតូ កង់បី និងរថយន្តជាដើម។ ពួកគាត់លើកឡើងពីភាពសប្បាយរីករាយក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ។ ភាពសប្បាយរីករាយព្រោះ ឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺពួកគាត់អាចជួបជុំ និងធ្វើដំណើរដោយសេរី ខុសពីកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ ២០២១។
ការធ្វើដំណើរចូលរាជធានីភ្នំពេញនេះ អាចបន្តមានភាពមមាញឹករហូតដល់ពេលល្ងាច ព្រោះប្រជាពលរដ្ឋមួយចំនួន ពិសេសកម្មករ កម្មការិនី ពុំទាន់ចូលបំពេញការងារនថ្ងៃនេះនោះទេ។ ហេតុនេះពួកគាត់មួយចំនួនអាចចាកចេញពីស្រុកកំណើតនៅពេលរសៀល។
ថ្ងៃទី ២៧ ខែកញ្ញានេះ ក៏ជាថ្ងៃចុងក្រោយដែលរាជរដ្ឋាភិបាល ផ្ដល់ជូនការធ្វើដំណើរពីស្រុកកំណើតចូលមករាជធានីភ្នំពេញវិញដោយមិនគិតថ្លៃផងដែរ៕