ភ្នំពេញ៖ ព្រឹទ្ធសភារដ្ឋសភាកម្ពុជា និងក្រុមសភាជាប្រទេសប្រើភាសាបារាំង បានរួមគ្នាបើកសិក្ខាសាលាដើម្បីជជែគ្នាប្រមូលនូវធាតុផ្សំ ដើម្បីជួយដល់ស្ត្រីនៅតាមទីជនបទ ខណៈស្ត្រីនៅកម្ពុជាជាច្រើន បានធ្វើការងារ យ៉ាងខ្លាំងលើវិស័យកសិកម្ម និងជួយធ្វើការងារផ្សេងៗ ក្នុងគ្រួសាររបស់ពួកគេ ។
ក្នុងសិក្ខាសាលា ស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រ នៃការចរចាប្រើ ប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា ដែលបានបើកដំណើរការចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែកញ្ញា នេះ លោកស្រី ឡាទីហ្វា ហ្គាហូឈី (Latifa Gahouchi) តំណាងបណ្ដាញស្ត្រីសភាប្រើភាសារបារាំង (APF) បានលើកឡើងថា APF តែងបើកសិក្ខាសាលាផ្សេងៗ ដើម្បីបញ្ជ្រាបសិទ្ធិ និងការផ្ដល់សិទ្ធិជូនស្ត្រី ហើយក៏ បានពង្រឹងផងដែរនូវស្វ័យភាពស្ត្រី ឲ្យក្លាយទៅជាអទិភាពដ៏សំខាន់ នៅក្នុងក្របខណ្ឌច្បាប់ សេរីភាព ភាព ស្មើគ្នាដូចនឹងបុរស ជាពិសេសស្ត្រីនៅក្នុងទីជនបទ ។
លោកស្រី បានបញ្ជាក់ថា បញ្ហាប្រឈមស្វ័យភាព នៃសេដ្ឋកិច្ចស្ត្រី ត្រូវបានគេស្គាល់គ្រប់គ្នាហើយ និងតាមរយៈការសន្និដ្ឋានក្នុងកិច្ចប្រជុំ នៃអង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ២០១៨ គឺស្ត្រី និងក្មេង ស្រីនៅជនបទ មានការរីកចម្រើន ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមានភាពមិនស្មើភាពគ្នា រវាងស្ត្រី និង បុរស រួមទាំងបញ្ហាមួយចំនួនទៀត ដូចជាពួកគេ ទទួលបានក្នុងកម្រិតទាបជាងបុរស លើការទទួលបាននូវ ធនធាន និងសិទ្ធិកាន់កាប់ដីធ្លី ជាដើម ។
តំណាង APF បានបន្ថែមថា ពួកគេក៏មានភាពខុសគ្នាផងដែរជាមួយបុរស ដូចជាទីផ្សារការងារ ការទទួលសេវាសុខភាព ការអប់រំដំបូង និងនៅមហាវិទ្យាល័យ បញ្ហានយោបាយ នៃការបែងចែកប្រពៃណី ផ្សេងៗនៅក្នុងតំបន់ និងការចែករំលែកការងារនៅក្នុងផ្ទះ។
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានបណ្ដាញស្ត្រីសភាប្រើភាសាបារាំង នៃក្រុម សភាជាតិកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទ នៃសិក្ខាសាលានេះ ជាផ្នែកមួយនៃគោលបំណងជា ចីរភាព របស់អង្គការសហប្រជាជាតិ ដើម្បីជួយលើកកម្ពស់ភាពស្មើគ្នា រវាងស្ត្រី និងបុរស ក្នុងគ្រប់កម្រិត ទាំងអស់ ។
លោកជំទាវ បានបន្ថែមថា ស្ត្រី គឺជាចំណុចសំខាន់ នៃសេដ្ឋកិច្ច និងសង្គម ដូច្នេះហើយសភាកម្ពុជា សម្រេចចិត្តធ្វើឲ្យសម្រេចបាននូវគោលបំណងចីរភាពរបស់ UN ទាក់ទងនឹងគោលបំណងលើកកម្ពស់សិទ្ធិ ស្ត្រី ជាពិសេសក្នុងការងារសាធារណៈ និងឯកជន ដោយកម្ពុជា បានសន្យាធានាឲ្យបាននូវសុវត្ថិភាពចំណី អាហារ ការអប់រំ ដើម្បីចូលរួមក្នុងការរីកចម្រើនសេដ្ឋកិច្ច កាន់បន្ថយភាពក្រីក្រ និងលើកកម្ពស់ភាពស្មើគ្នា រវាងស្ត្រី និងបុរស ៕
អត្ថបទ៖ បាន សុខរិទ្ធិ