ភ្នំពេញ៖ ក្រុមអាជីវករតាមបណ្តាផ្សារតូច ធំៗ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមប្រកបរបរអាជីវកម្មលក់ដូរឡើងវិញហើយ បន្ទាប់ពីឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាសភ្ជុំបិណ្ឌ ហើយពួកគាត់រំពឹងលក់ដាច់ដូចមុន បន្ទាប់ពីប្រជាពលរដ្ឋបានត្រឡប់មករាជធានីភ្នំពេញអ៊ូអរដូចមុន។
ក្រុមអាជីវករជាច្រើននៅរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា នៅក្នុងឱកាសឆ្លងភ្ជុំបិណ្ឌ ពួកគាត់បានសម្រាកលក់ដូរ រយៈពេល ៣ថ្ងៃ ដើម្បីចូលរួមអបអរសាទ ក្នុងឱកាសភ្ជុំបិណ្ឌប្រពៃណីជាតិ បន្ទាប់ការបញ្ចប់រយៈពេលបីថ្ងៃមកនេះ ពួកគាត់បានផ្តើមបើកអាជីវកម្មឡើងវិញ ខណៈដែលប្រពលរដ្ឋបានកំពុងវិលត្រឡប់មកពីស្រុកកំណើត ចូលមករាជធានីភ្នំពេញវិញ នៅក្នុងថ្ងៃនេះ។
ពួកគាត់រំពឹងថា ការលក់ដូរនឹងលក់ដាច់ជាធម្មតាដូចមុនរដូវភ្ជុំបិណ្ឌ ឬអាចលក់ដាច់ល្អប្រសើរជាង ខណៈបច្ចុប្បន្នប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ ប្រជាពលរដ្ឋបានចាប់ផ្តើមដើរលេងដូចមុនការរីករាលដាលជំងឺកូវីដ ១៩ ចំណែកសកម្មភាពនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម តាមបណ្តារោងចក្រ សហគ្រាសនានា ក៏បានកំពុងដំណើរការទៅដោយរលូន ឆ្លុះបញ្ចាំងពី សកម្មភាពក្នុងសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បានកំពុងងើបរស់រវើកឡើងវិញ៕អត្ថបទ៖ សុន រ៉ាឌី