កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ប៉ាត់ គន មេឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្រែកសុំជំនួយពីអាជ្ញាធរស្រុកខេត្ត និងថ្នាក់ជាតិ ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ទាក់ទងនឹងជំនន់ទឹកទន្លេឡើងខ្លាំងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ប៉ាត់ គន បានអោយដឹងទៀតថា នៅឆ្នាំ២០២២នេះ ទឹកទន្លេបានហក់ឡើងខ្ពស់ជាងឆ្នាំកន្លងៗមក ធ្វើអោយភូមិសាស្ត្រក្នុងឃុំទាំងមូលដែលប្រជាពលរដ្ឋធ្លាប់រស់នៅ ត្រូវបានទឹកជន់លិចអស់ និងមិនមានទីទួលសម្រាប់រស់នៅនោះឡើយ។ គិតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារនៅក្នុងឃុំមួយនេះ បានរងគ្រោះដោយសារជំនន់ទន្លេ និងមួយចំនួនផ្សេងទៀតកំពុងប្រឈមនឹងការជន់លិចផងដែរ។ បើទោះជាឃុំផ្លូវទូក ស្រុកកំពង់លែង ជាឃុំមួយនៅលើផ្ទៃទឹកក៏ដោយ ក៏ប៉ុន្តែជារៀងរាល់ឆ្នាំ ទឹកទន្លេមិនឡើងខ្លាំងដូចឆ្នាំនេះនោះឡើយ ទើបតែរយៈពេលប៉ុន្មានថ្ងៃមកនេះ ទឹកទន្លេបានហក់ឡើងជាបន្តបន្ទាប់ទៀតំ អាស្រ័យហេតុនេះ សូមជូនដំណឹងដល់អាជ្ញាធរស្រុក ខេត្ត ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកផង៕ អត្ថបទ៖ ហុង វាស្នា










