អង់គ្លេស៖ ឯកអគ្គរដ្ឋទូតសហភាពមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក ច ស្វាមីន បាននិយាយថា លោកបានបិទទ្វារស្ថានទូតរបស់លោក។ លោក ស្វាមីន បានបញ្ជាក់ថា បុគ្គលិករបស់លោកត្រូវបានសុំឲ្យចាកចេញពីស្ថានទូត ដោយអនុព័ន្ធយោធាសហភាពមីយ៉ាន់ម៉ា ហើយពួកគេបាននិយាយប្រាប់លោកថា លោកលែងជាអ្នកតំណាងប្រទេសរបស់លោកទៀតហើយ។

លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកបានបិទទ្វារស្ថានទូតរបស់លោករួចហើយ។ លោក ស្វាមីន បានចាត់ទុកហេតុការណ៍កាលពីថ្ងៃពុធ ប្រៀបដូចនឹងរដ្ឋប្រហារនៅកណ្ដាលទីក្រុងឡុងដ៍។ កាលពីខែមីនាកន្លងទៅ លោក ស្វាមីន បានអំពាវនាវឲ្យមានការដោះលែងលោកស្រី ស៊ូជី ហើយលោកបាននិយាយប្រាប់ BBC ថា សហភាពមីយ៉ាន់ម៉ាមានការបែងចែក ហើយអាចប្រឈមនឹងសង្គ្រាមស៊ីវិល។ លោកបាននិយាយការពារថា អនុសាសន៍របស់លោកមិនមែនក្បត់ជាតិនោះទេ ពោលគឺរូបលោកជាអ្នកឈរនៅកណ្ដាល ហើយរូបលោកទទួលបានការកើតសរសើរផងដែរ ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអាប សម្រាប់ភាពក្លាហាន និងការស្នេហាជាតិរបស់លោក។
គួរឲ្យដឹងថា យោធាសហភាពមីយ៉ាន់ម៉ាបានរឹបអូសអំណាច ដោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅបង្កឲ្យមានការធ្វើបាតុកម្ម និងអំពើហិង្សាកើនឡើង។ លោក ច ស្វាមីន បានអំពាវនាវឲ្យមានការដោះលែង មេដឹកនាំទម្លាក់ចេញពីអំណាចលោកស្រី អ៊ុងសាន ស៊ូជី ។ មនុស្សជិត ៦០០នាក់ដែលរួមទាំងកុមាររាប់សិបនាក់ដែរនោះ ត្រូវបានសម្លាប់មកទល់នឹងពេលនេះ ស្របពេលដែលក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានទាមទារឲ្យប្រគល់អំណាចជូនមេដឹកនាំឈ្នះឆ្នោតលោកស្រី ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី៕
អត្ថបទ៖ សារ៉ាត់