ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 ជប៉ុន Yuki Tsunoda នឹងនៅតែជាកីឡាកររបស់ក្រុមប្រណាំង Red Bull Alpha Tauri ដដែលសម្រាប់ឆ្នាំ២០២៣ ខាងមុខ។ កីឡាករវ័យ ២២ឆ្នាំរូបនេះធ្វើបានល្អក្នុងរដូវកាល ២០២២ នេះមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយ បើប្រៀបធៀបជាមួយនឹងមិត្តរួមក្រុមកីឡាករបារាំង Pierre Gasly។

លោក Franz Tost នាយកបញ្ជាបច្ចេកទេសរបស់ក្រុម Alpha Tauri និយាយថា Yuki Tsudona ជាកីឡាករដែលមានសមត្ថភាពម្នាក់ ហើយរូបគេតែងតែអភិវឌ្ឍខ្លួនល្អពីមួយឆ្នាំទៅមួយឆ្នាំ។ Yuki Tsunoda កំពុងឈរលេខ ១៦ ក្នុងតារាងជើងឯកពិភពលោកបច្ចុប្បន្នមាន ១១ពិន្ទុ ខណៈមិត្តរួមក្រុម Pierre Gasly ឈរលេខ ១១ មាន ២២ពិន្ទុ។ Yuki Tsunoda ធ្លាប់មានលទ្ធផលល្អបំផុតគឺនៅ Abu Dhabi អារ៉ាប់រួមឆ្នាំ២០២១ ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៤៕
អត្ថបទ៖នាង សុភាវុធ