ជប៉ុន៖ នៅថ្ងៃអង្គារនេះ ប្រទេសជប៉ុនបានគោរពដល់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ដែលត្រូវបានគេធ្វើឃាត ដែលលោកជាឥស្សរជនគ្រប់គ្រងនយោបាយសម័យទំនើប ជាមេដឹកនាំកាន់តំណែងយូរបំផុតរបស់ប្រទេស ដោយមានពិធីបុណ្យសពរដ្ឋដ៏កម្រត្រូវបានរៀបចំឡើង។

ពលរដ្ឋជាច្រើនបានដាក់ផ្កានៅកន្លែងរៀបចំពិធីបុណ្យសពរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅថ្ងៃអង្គារនេះ។ ក្នុងពេលមានសន្តិសុខតឹងរ៉ឹង សាធារណជនបានដាក់ផ្កានៅជុំវិញសាល Nippon Budokan ក្នុងទីក្រុងតូក្យូ។ ប្រជាជនជប៉ុនបានដាក់ផ្កាលើទីសក្ការៈបូជា ដើម្បីគោរពដល់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo តាំងពីព្រឹកថ្ងៃអង្គារនេះ ដោយទីសក្ការៈចំនួន ២កន្លែងត្រូវបានបង្កើតឡើងនៅឧទ្យាន Kudanzaka ស្ថិតនៅជិតសាល Nippon Budokan ទីក្រុងតូក្យូ។
ពិធីបុណ្យសពរដ្ឋសម្រាប់លោក Abe នឹងប្រារព្ធឡើងនៅសាល Nippon Budokan នៅរសៀលថ្ងៃអង្គារ។ ប្រជាជនបានចាប់ផ្តើមដាក់ផ្កាចាប់តាំងពីម៉ោងប្រហែល 9:30ព្រឹកដែលនោះលឿនជាងការគ្រោងទុក ដោយសារតែមនុស្សច្រើនជាងការរំពឹងទុកបានមកជួបជុំគ្នា។ អ្នកកាន់ទុក្ខបានរង់ចាំជាជួរ បន្ទាប់មកពួកគេបានដាក់ផ្កា និងបួងសួងនៅមុខរូបថតអតីតនាយករដ្ឋមន្ត្រី។ នគរបាលនៅក្នុងទីក្រុងតូក្យូស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃប្រារព្ធពិធីបុណ្យសពរដ្ឋសម្រាប់លោក Abe ដែលមន្ត្រីប្រមាណ ២ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីធានាបានថា អ្វីៗនឹងដំណើរការដោយរលូន ខណៈមេដឹកនាំ មន្ត្រីជាន់ខ្ពស់បរទេស និងឯកអគ្គរដ្ឋទូតប្រមាណ ៧០០នាក់នឹងមកចូលរួមពិធីបុណ្យនេះ៕
អត្ថបទ៖ ប៊ុនថន