បាល់ទាត់៖ កីឡាកររបស់ក្រុមជំរើសជាតិអាល្លឺម៉ង់ម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ ៤០ម៉ឺនអឺរ៉ូ ប្រសិនបើអាល្លឺម៉ង់អាចឈ្នះពានបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាឆ្នាំនេះ នេះបើតាមការប្រកាសផ្លូវការរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB កាលពីចុងសប្តាហ៍កន្លងទៅ។
ប្រាក់រង្វាន់លើកទឹកចិត្តនេះមានការកើនឡើងបើប្រៀបធៀបនឹង World Cup 2018 នៅរុស្ស៊ីដោយអាល្លឺម៉ង់គ្រោងផ្តល់ប្រាក់រង្វាន់ ៣៥ម៉ឺនអឺរ៉ូប៉ុណ្ណោះក្នុងមួយនាក់ តែអាល្លឺម៉ង់បានត្រឹមវគ្គវិលជុំក្នុងពូលប៉ុណ្ណោះ។ កាលពីពេលអាល្លឺម៉ង់ឈ្នះពាន World Cup 2014 នៅប្រេស៊ីលកីឡាករម្នាក់ៗទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនអឺរ៉ូនៅពេលនោះ។
ជាមួយគ្នានោះដែរ ប្រសិនបើឆ្លងផុតវគ្គវិលជុំក្នុងពូលកីឡាករអាល្លឺម៉ង់ម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនអឺរ៉ូ ឡើងដល់វគ្គ ៨ក្រុមចុងក្រោយទទួលបាន ១០ម៉ឺនអឺរ៉ូ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១៥ម៉ឺនអឺរ៉ូ ទទួលបានចំណាត់ថ្នាក់លេខបី ២០ម៉ឺនអឺរ៉ូ និងជើងឯករង ២៥ម៉ឺនអឺរ៉ូ។ អាល្លឺម៉ង់ស្ថិតក្នុងពូល E នៅ World Cup ឆ្នាំនេះជាមួយអេស្ប៉ាញ កូស្តារីកា និងជប៉ុន។ ព្រឹត្តិការណ៍ World Cup 2022 នៅកាតានឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ខណៈអាល្លឺម៉ង់នឹងជួបជាមួយជប៉ុននៅថ្ងៃទី២៣៕
អត្ថបទ៖នាង សុភាវុធ