មណ្ឌលគិរី៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាថ្ងៃឈប់សម្រាកឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តមណ្ឌលគិរីដែលជាគោលដៅទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសកម្ពុជា ដែលមានយ៉ាងច្រើនចូលមកលេងកម្សាន្ត ស្របពេលដែលអាកាសធាតុមិនសូវអំណោយផល ដោយមានភ្លៀងធ្លាក់ច្រើន អំឡុងពេលទេសចរដើរកម្សាន្ត ។
លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានប្រាប់BTVថា ៣ថ្ងៃឱកាសបុណ្យភ្ជុំបិណ្ឌ មណ្ឌលគិរីទាក់ទាញអ្នកទេសចរណ៍បានជិត ១ម៉ឺននាក់ ក្នុងនោះ ទេសចរជាតិ ៩,៦២៧នាក់ (ឆ្នាំ២០២១ ទេសចរជាតិសរុប ២៣,០២០នាក់) ចំណែកទេសចរបរទេស សរុប ២២២នាក់ (ឆ្នាំ២០២១ ទេសចរបរទេសសរុប ៣០៣នាក់) ។ តួលេខនេះ ទេសចរជាតិ ថយចុះ ៥៨,១៧% រីឯទេសចរបរទេសថយចុះ ២៦,៧៣% ។
លោកស្រី ម៉ី សារឹម បញ្ជាក់ថា មូលហេតុនៃការថយចុះ ដោយសារឆ្នាំនេះនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេសភ្ញៀវទេសចរពិបាកដើរកំសាន្ត ភ្ញៀវភាគច្រើនទៅលេងស្រុកកំណើតដែលមានចម្ងាយផ្លូវជិត អាចពាក់ព័ន្ធនឹងការចំណាយច្រើន និងកត្តាផ្សេងៗទៀត ។ ចំណែកស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់គឺមានភាពល្អប្រសើរជាធម្មតា ។
គួររម្លឹកដែរថា ទោះបីជាអាកាសធាតុមិនសូវអំណោយផលល្អដល់ភ្ញៀវទេសចរ ក្នុងដំណើរកម្សាន្តអំឡុងពេលភ្ជុំបិណ្ឌនេះ ប៉ុន្តែសម្រាប់ខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៤ កញ្ញា បានសម្គាល់ឃើញថា មានអ្នកទេសចរមួយចំនួនបានធ្វើដំណើរមកដល់ក្រុងសែមនោរម្យ និងបានទៅទស្សនាតាមរមណីយដ្ឋានទេសចរណ៍នានា ស្របពេលកំពុងមានភ្ញៀងរលឹមផងដែរ ។
រមណីយដ្ឋានដែលភ្ញៀវបានធ្វើដំណើរទៅទស្សនាច្រើន មានដូចជាទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងសមុទ្រជាដើម ហើយផ្អែកតាមការសង្កេតជាក់ស្ដែង ចំនួនភ្ញៀវទេសចរមិនសូវច្រើនប៉ុន្មានទេ បើធៀបនិងអំឡុងពេលមុនៗដែលភ្ញៀវសម្រុកចូលមកលេងច្រើននាឱកាសបុណ្យទាន ប៉ុន្តែចំនួននេះអាចវាយតម្លៃល្អប្រសើរហើយ បើធៀបក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលខេត្តមណ្ឌលគិរី និងប្រទេសកម្ពុជាបានរងគ្រោះព្រោះកូវីដ១៩ ៕ អត្ថបទ៖ អ៊ិត ភីរុណ