ខេត្តកែប៖ រមណីយដ្ឋានកោះទន្សាយ របស់ខេត្តកែប កាន់តែទាក់ទាញភ្ញៀវទេសចរ ឱ្យទៅសម្រាកលម្ហែកម្សាន្ត ច្រើនជាងមុន ក្រោយពេលកំពង់ផែថ្មី ត្រូវបានដាក់ឲ្យប្រើប្រាស់។ អ្នកលក់សំបុត្រទូក បានឱ្យដឹងថា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ភ្ញៀវជាតិ ពិសេសភ្ញៀវបរទេសទៅកម្សាន្តច្រើនជាងមុន។
អ្នកលក់សំបុត្រទូកជូនភ្ញៀវទេសចរ ទៅលេងរមណីយដ្ឋានកោះទន្សាយ លោក សុគន្ធ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីមានមកំពង់ផែកោះទន្សាយថ្មីមក ភ្ញៀវបានទៅកម្សាន្តកោះ មិនដែលដាច់ទេ ហើយយ៉ាងហើយណាស់ ភ្ញៀវឆៀងចូលមកថតរូបនៅកំពង់ផែកោះទន្សាយនេះដែរ ធ្វើឲ្យកិត្តិនាមតំបន់រមណីយដ្ឋានកោះទន្សាយកាន់តែល្បី មានគេស្គាល់ច្រើន។ ជាក់ស្ដែងសម្រាប់ពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហើយរហូតមកដល់ព្រឹកថ្ងៃទី ២៧ ខែកញ្ញានេះ ក៏នៅតែមានភ្ញៀវមកលេងច្រើនដែរ។
ភ្ញៀវទេសចរមកពីខេត្តតាកែវ លោក ប៊ុន ថា បានប្រាប់ឲ្យដឹងថា លោកទើបបានស្គាល់ និងទៅលេងរមណីយដ្ឋានកោះទន្សាយបានម្តងគត់ ពេលបានទៅហើយ ក៏ជាប់ចិត្ត ទើបថ្ងៃនេះនាំក្រុមគ្រួសារទៅកម្សាន្តទាំងអស់គ្នា។ លោក បានបញ្ជាក់ថា ទីនោះមានទេសភាពស្អាត ការរៀបចំបរិស្ថានអនាម័យល្អ ឆ្នេរស្អាតមានទឹកថ្លា មានខ្ជុះ មានគ្រែដេកលើមាត់ឆ្នេរជាដើម ចំណែកតម្លៃសមរម្យ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទាន់ គ្មានការដំឡើងតម្លៃទេ។
កោះទន្សាយត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឲ្យទៅក្រុមហ៊ុនទ្រីភាពធ្វើការអភិវឌ្ឍលើវិស័យទេសចរណ៍មួយភាគធំ ប៉ុន្តែនៅរក្សាទុកតំបន់ឆ្នេរកម្សាន្តចាស់ សម្រាប់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅលំហែកម្សាន្តដដែល ហើយគេជឿថា ក្រោយពេលក្រុមហ៊ុនបើកឲ្យដំណើរការសេវាកម្មរបស់ខ្លួន ភ្ញៀវមានជីវភាពកម្រិតល្អបង្គួរ និងកម្រិតខ្ពស់ កាន់តែទៅកម្សាន្តច្រើនជាងនេះទៅទៀត៕អត្ថបទ៖ អន សារឹម