ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានប្រជុំដាក់វិធានការបន្ត ដើម្បីលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងរាជធានី។
ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នៅតែត្រូវបានយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ តាមអនុសាសន៍ដ៏ខកពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមមន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញថ្លែងឱ្យដឹង។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានការចូលរួមពីលោកស្នងការនរគបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញអភិបាលខណ្ឌ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត៕ អត្ថបទ ៖ ប្រាក់ វាន់ដា










