កំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបន្តលេងកំសាន្ត រហូតមកដល់ល្ងាចថ្ងៃនេះ និងមានប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្ត ជាង១ពាន់នាក់។ កម្មវិធីប្រណាំងទូកង និងមានតន្ត្រីសម័យអមកំសាន្តផងនោះ បានធ្វើអោយប្រជាពលរដ្ឋដែលមានភូមិកំណើតនៅក្បែរៗនោះ មកចូលរួមយ៉ាងសប្បាយផងដែរ។
គណៈកម្មាការបុណ្យបានអោយដឹងថា៖ កម្មវិធីប្រណាំងទូកង និងមានតន្ត្រីអមរាំលេងកំសាន្តនេះ បានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី២៥ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិទ្រៀ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការប្រណាំងទូកចំនួន២គ្រឿង គឺរំលឹកដល់ដូនតាខ្មែរ ដែលមានទឹកចិត្តក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីមាតុភូមិរបស់ខ្លួន។ ក្នុងពេលផ្អាកការប្រណាំងម្តងៗ គឺមានតន្ត្រីសម័យលេងរាំកំសាន្ត រហូតដល់យប់ទៀតផង ដើម្បីធ្វើអោយបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ។ នៅក្នុងកម្មវិធីប្រណាំងទូកងនេះ គេសង្កេតឃើញមានប្រជាការពារភូមិជាច្រើននាក់ កំពុងបន្តការពារនៅទីតាំងនោះបានយ៉ាងខ្ជាប់ខ្ជួន មិនអោយមានរឿងអ្វីកើតឡើងនោះឡើយ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានរហូតដល់ជាង៥ម៉ឺននាក់ និងមានភ្ញៀវជនបរទេសចំនួន២៣នាក់ផងដែរ។ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដ មិនមានជម្ងឺកូវីដ១៩យារយី ប្រជាពលរដ្ឋនៅគ្រប់ទិសទី បាននាំគ្នាចូលរួមសប្បាយរីករាយសាទរ ជាមួយបុណ្យប្រពៃណីខ្មែរមួយនេះ៕អត្ថបទ ៖ ហុង វាស្នា










