
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច បានវិភាគម្តងហើយម្តងទៀត ទាក់ទងនិងលោក ដែលត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្តល់ជាបេក្ខភាពបន្តវេនជានាយករដ្ឋមន្ត្រីនាពេលអនាគតនោះថា បានវិភាគបែបស៊ីអារម្មណ៍ មិនមែនវិភាគតាមបែបវិទ្យាសាស្ត្រនោះឡើយ ខណៈការ វិភាគរបស់ពួកក្រុមទាំងនោះ គឺមានលក្ខណៈប្រឌិតសុទ្ធសាធតែម្តង។
តាមរយៈវិដេអូឃ្លីប ប្រហែលជិត១០នាទី ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់លោក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងមួយរយៈនេះមានការធ្វើអត្ថាធិប្បាយជាហូរហែរក្នុងន័យអវិជ្ជមានដោយបុគ្គលនយោបាយមួយចំនួន ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាឥតឈប់ឈរ រួមទាំងក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងតៀតថា លោកទទួលស្គាល់ថានោះជាសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគាត់ ទោះបីជាគាត់ធ្វើក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអវិជ្ជមាន (negative campaign) ប្រឆាំងរូបលោក និងគ្រួសាររបស់លោកក៏ដោយ ប៉ុន្តែលោកចាត់ទុកថា ការវិភាគរបស់ពួកគេទាំងនោះគឺបានយកអារម្មណ៍មកបញ្ចេញលទ្ធផល ហើយយកការស្រាវជ្រាវមកបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
តាមរយៈវីដេអូឃ្លីបនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានចោទជាសំនួរដល់ក្រុមអ្នកវីភាគមួយក្តាប់តូចទាំងនោះផងដែរថា ការដាក់លោកជាបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជានោះតើមានអ្វីខុសត្រង់ណា? ខណៈពុកម្តាយជាទាហានជាប៉ូលិស និងជាអ្នកនយោបាយ ហើយកូនៗរបស់ពួកគាត់ក៏ចង់ធ្វើដូចពួកគាត់ដែរនោះ។
យ៉ាងណាក៏ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀត ការវិភាគច្រំដែលៗរបស់ពួកទាំងនោះបានលើកតែប្រទេសមួយ(កូរ៉េខាងជើង)មកនិយាយប៉ុណ្ណោះ ខណៈសហរដ្ឋអាមេរិក ហ្វីលីពីន ប្រទេសិង្ហបូរី និងប្រទេសជាច្រើនទៀតនៅលើសកលលោកពួកទាំងនោះមិនបានលើកមកនិយាយនោះឡើយ នេះហើយជាការលើកមកនិយាយបែបប្រឌិតនោះ៕ អត្ថបទ៖ បាន ចក់