ប្រេស៊ីល៖ ការតម្រង់ទទួលយកជំនួយស្បៀងអាហារ មានចំនួនកើនឡើងជារៀងរាល់ថ្ងៃ ស្របពេលដែលគ្រួសារកាន់តែច្រើនឡើង ស្ថិតក្នុងស្ថានភាពអត់ឃ្លានក្នុងប្រទេសប្រេស៊ីល ធ្វើឲ្យពួកគេជួបអសន្តិសុខស្បៀងអាហាររយៈពេល ១ឆ្នាំក្រោយការរីករាលដាលឆ្លងជំងឺ COVID-19។

ទិន្នន័យចុះផ្សាយកាលពីពេលថ្មីៗនេះ ដោយបណ្ដាញស្រាវជ្រាវសន្តិសុខស្បៀងអាហារប្រេស៊ីល Rede Pensann បង្ហាញថា នេះជាលើកដំបូងហើយក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ ដែលពលរដ្ឋប្រេស៊ីលជាងពាក់កណ្ដាល មិនទទួលបានស្បៀងអាហារគ្រប់គ្រាន់ សុវត្ថិភាព និងជីវជាតិសម្រាប់របបអាហារប្រចាំថ្ងៃរបស់ពួកគេ។ រដ្ឋាភិបាលសហព័ន្ធប្រេស៊ីលបានបញ្ចប់ ជំនួយហិរញ្ញវត្ថុគ្រាអាសន្នរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២០ ដើម្បីបម្រុងធនធានដោយសារការរីករាលដាលឆ្លងជំងឺ COVID-19 ហើយការផ្តល់ជំនួយចាប់ផ្ដើមឡើងវិញនៅខែមេសានេះ តែទទួលបានតិចជាងមុន។ ពលរដ្ឋដែលនៅលីវនឹងទទួលបានប្រាក់ ២៦ដុល្លារ, គ្រួសារសមាជិក ២នាក់ ឬច្រើនជាងហ្នឹងទទួលបានប្រាក់ ៤៥ដុល្លារ និងម្ដាយគ្មានប្តីទទួលបានប្រាក់ ៦៣ដុល្លារ។
លោក ហ្វាប៊ីណូ ហ្វឺណាន់ដេស ជាពលរដ្ឋមួយរូបរបស់ប្រេស៊ីល ដែលដើរតែសុំទានគេបាននិយាយថា វាមិនគ្រប់គ្រាន់នោះទេ។ ប្រាក់ចំណូលរបស់លោកលែងមានចាប់តាំងពីបាត់បង់ការងារធ្វើ ហើយលោកគ្មានផ្ទះសម្បែងរស់នៅនោះទេ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូត។ លោក ហ្វឺណាស់ដេស ដែលកំពុងរង់ចាំគេចែកបាយកញ្ចប់នៅទីក្រុងរីយ៉ូ ដឺ ចាណីរ៉ូ បាននិយាយថា គ្មានការងារធ្វើនោះទេ ការងារក្រខ្លាំងណាស់ ពួកយើងមិនអាចចេះតែដើរសុំទានគេបែបហ្នឹងនោះទេ យ៉ាងហោចណាស់ក៏ពួកយើងត្រូវមានអាហារ ទទួលទានម្តងក្នុង ១ថ្ងៃដែរ។ សូមបញ្ជាក់ថា ការរីករាលដាលឆ្លងជំងឺ COVID-19 បានធ្វើឲ្យពលរដ្ឋបាត់បត់ការងារធ្វើយ៉ាងច្រើននៅប្រេស៊ីល ស្របពេលដែលវិស័យធុរកិច្ចរាប់ម៉ឺនកន្លែងបានបិទទ្វារ អំឡុងពេលបិទប្រទេស។ ការបាត់បង់ការងារធ្វើនេះដែរស្មើនឹងជិត ៤០% នៃកម្លាំងការងារសរុបនៅប្រេស៊ីល៕
អត្ថបទ៖ សារ៉ាត់