បង់ក្លាដែស៖ ក្រុមមន្ត្រីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសបង់ក្លាដែសភាគខាងជើង កាលពីថ្ងៃអង្គារបានរកឃើញសាកសពជាច្រើននាក់បន្ថែមទៀត ពីសាឡាងដែលផ្ទុកអ្នកធម្មយាត្រាហិណ្ឌូលើសចំណុះបានលិច ក្នុងមហន្តរាយមួយក្នុងចំណោមមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតតាមដងទន្លេនាពេលថ្មីៗនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៦៦នាក់។

លោក Dipankar Roy មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្នុងស្រុក Panchagarh ជាទីដែលសាឡាងបានលិចកាលពីថ្ងៃអាទិត្យបាននិយាយថា មនុស្សហោចណាស់ ១៥នាក់នៅតែបាត់ខ្លួននៅឡើយ។ យោងតាមវីដេអូក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមអ្នកធម្មយាត្រាប្រមាណ ១០០នាក់បានឆ្លងទន្លេ Karatoa ក្នុងតំបន់ Boda ដើម្បីអបអរសាទរពិធីបុណ្យសាសនាក្នុងព្រះវិហារមួយ នៅពេលដែលសាឡាងរបស់ពួកគេបានក្រឡាប់លិច។ ប្រមាណ ៨% នៃប្រជាជនជាង ១៦០លាននាក់ក្នុងប្រទេសបង់ក្លាដែសកាន់សាសនាហិណ្ឌូ។
ឧបទ្ទវហេតុលិចសាឡាងតែងកើតឡើងជាធម្មតា ដោយសារការបើកនាវាខ្វះការប្រុងប្រយ័ត្ន ការផ្ទុកមនុស្សលើសចំណុះ និងការអនុវត្តន៍ច្បាប់ធូររលុងក្នុងប្រទេសទំនាបខ្វែងខ្វាត់ដោយទន្លេប្រមាណ ១៣០។ កាលពីឆ្នាំមុន ការលិចនាវាចម្លងមួយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៤នាក់ ចំណែកអគ្គិភ័យនៅលើសាឡាងមួយផ្សេងទៀតបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩នាក់៕
អត្ថបទ៖ សុខមាន