វ៉ូវីណាម៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានស្នើសុំឲ្យបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុក ពិចារណារៀបចំកម្មវិធីប្រកួតឲ្យបានយ៉ាងហោច ២ដងក្នុង ១ឆ្នាំដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសដុសខាតសមត្ថភាពកម្រិតខ្ពស់ដល់កីឡាករ-កីឡាការិនីត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ។
ការគូសបញ្ជាក់នេះ ក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិកាលពីថ្មីៗ ដ្បិតឯកឧត្តមយល់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ក៏ដូចជាការប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខមិនទាន់គ្រប់គ្រាន់សម្រាប់កីឡាករ-កីឡាការិនីដុសខាត់សមត្ថភាពនោះទេ។ ហេតុនេះសហព័ន្ធស្នើឲ្យទូរទស្សន៍ក្នុងស្រុក បង្កើតឲ្យមានសង្វៀនប្រកួតបន្ថែមឲ្យបានលើសពី ២ដងក្នុងមួយឆ្នាំដើម្បីឲ្យកីឡាករ-កីឡាការិនីបង្កើនសិទ្ធផល បន្សាំខ្លួន ពង្រឹងសមត្ថភាព ស្មារតី ពិសេសបច្ចេកទេស និងយុទ្ធសាស្ដ្រលើវិញ្ញាសាប្រកួតរបស់ខ្លួន។ ឯកឧត្តមប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា កាលណាមានការប្រកួតកាន់តែច្រើននឹងធ្វើឲ្យកីឡាករ-កីឡាការិនីមានភាពជឿជាក់ និងមានស្មារតីប្រយុទ្ធកាន់តែល្អប្រសើរនៅលើទីលាន ត្រៀមធ្វើការប្រកួតនៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។
ដោយឡែកសហព័ន្ធបានត្រៀមខ្លួនជាស្រេច ក្នុងការសហការរៀបចំលើការងារបច្ចេកទេស ក្នុងការរៀបចំមន្ដ្រីជំនាញចូលរួមរៀបចំការប្រកួត និងពិនិត្យមើលពីសិទ្ធផល កម្លាំងកាយ និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ដោយគោរពតាមនិយាមបច្ចេកទេសអន្ដរជាតិ ដើម្បីធានាបាននូវការប្រកួតប្រកបដោយភាពត្រឹមត្រូវ។ ម្យ៉ាងក៏ជាឱកាសពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ដូចជាអាជ្ញាកណ្ដាល-ចៅក្រមត្រៀមកាត់សេចក្ដីក្នុងស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម អ៊ូ រតនា។ គួរដឹងថា កីឡាវ៉ូវីណាមគឺជាកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជាក្នុងការស្វែងរកមេដាយជូនជាតិ ជាក់ស្ដែងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម កាលពីខែឧសភាកន្លងទៅ ពួកគេដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤គ្រឿងរួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩។ ប៉ុន្ដែសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា សហព័ន្ធបានដាក់គោលដៅដណ្ដើមមេដាយមាសឲ្យបានយ៉ាងហោច ៩គ្រឿង៕
អត្ថបទ៖ លី ឈុនឡា