បាល់ទះ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទះឆ្នេរខ្សាច់ជើងឯកអាស៊ី ៤នាក់ទល់ ៤នាក់ ដើម្បីបង្ហាញពីសក្ដានុពលវិស័យកីឡាបាល់ទះជាតិទៅលើឆាកអន្ដរជាតិ ពិសេសដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
ការលើកឡើងនេះ បន្ទាប់ពីលោកបានទទួលសារពីសហព័ន្ធកីឡាបាល់ទះអាស៊ី ដែលគ្រោងរៀបចំការប្រកួតបាល់ទះឆ្នេរខ្សាល់ ៤ទល់៤ នាពេលឆាប់ៗខាងមុខ ហើយលោកក៏បានផ្ញើសារតបវិញថា កម្ពុជាចាប់អារម្មណ៍ និងចង់ធ្វើជាម្ចាស់ផ្ទះផងដែរ។ តាមរយៈនេះ លោកនឹងធ្វើការជាមួយថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាសហព័ន្ធអន្ដរជាតិដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតអាស៊ីនេះ។
គួរដឹងថា មួយរយៈពេលចុងក្រោយនេះ វិស័យបាល់ទះកម្ពុជាត្រូវបានចាប់អារម្មណ៍ខ្លាំងពីអន្ដរជាតិ បន្ទាប់ពីក្រុមបាល់ទះក្នុងសាលកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ លើកដំបូងក្នុងប្រវត្តិសាស្ដ្រស៊ីហ្គេម។ ហេតុនេះ សហព័ន្ធអន្ដរជាតិតែងអញ្ជើញថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសកម្ពុជាចូលរួមកម្មវិធីផ្សេងៗ ទាំងការប្រកួត និងវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីគាំទ្រវិស័យកីឡាបាល់ទះកម្ពុជា ទាំងបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផងដែរ៕
អត្ថបទ៖ លី ឈុនឡា