សៀមរាប៖ អ្នកជំនាញផ្នែកធនធានទឹក នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងខិតខំរំដោះទឹក តាមទ្វារទឹកមួយចំនួន នៅក្រុងសៀមរាប និងស្រុកពួក និងតំបន់ប្រាសាទ មួយចំនួននៅក្នុងខេត្ដសៀមរាប ដើម្បីបង្ការកុំឱ្យជន់លិចប្រាសាទ ខណៈដែលទឹកជំនន់បានហូរធ្លាក់មកពីខាងលើខ្លាំង។
លោក ភឿន សុខឃីម ប្រធាននាយដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ជាពិសេសនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណហួសកម្រិត។
លោក បានបន្ដថា ក្រោយពីស្ថានភាពទឹកជនឡើងលើសកំរិត បណ្ដាលឱ្យក្រុមការងារបានរំដោះទឹក នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។ល។ បញ្ចៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។លោក បានបន្ដថា ក្រៅពីនេះ ក្រុមការងារក៏បានប្រមូលទឹកដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធព្រះខ័នជាដើម។ល។
បើតាមលោក ភឿន សុខឃីម ការគ្រប់គ្រងទឹកកុំឱ្យជន់លិចក្រុងសៀមរាប និងប្រាសាទបុរាណនេះ បានធ្វើឡើងជាប្រចាំ ព្រោះប្រាសាទត្រូវការទឹកគ្រប់គ្រាន់ ដោយមិនឱ្យបង្ហូរទឹកឱ្យហួសកំរិតបាននោះទេ។លោក បន្ដថា ជំនន់ទឹកភ្លៀងឡើងខ្លាំងនេះ បានកើតឡើងមុនអំឡុងពេលបុណ្យភ្ជុំបិណ្ឌ៕






