កំពត៖ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបើកទ្វារបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយ ហើយការបើកទ្វារទឹកនេះ មិនបានធ្វើឲ្យកម្ពស់ទឹកព្រែកហក់ឡើងនោះទេ បើគិតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។ ចំណែកអាកាសធាតុក្នុងក្រុងកំពតមានភាអាប់អួរបន្តិច តែមិនបង្កប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាពលរដ្ឋឡើយ ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត លោក សោម វិចិត្រ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនស៊ីណូហាយដ្រូ បានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកញ្ញា កម្រិតទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយបានឡើងដល់កម្ពស់ ១៤៨,៦៤ម៉ែត្រ ខណៈទឹកហូរចូលមានចំណុះ ១៤៧,៨២ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះហើយក្រុមការងារបច្ចេកទេស បានសម្រេចបើកបង្ហូរទឹកចេញដោយលើកបង្ហើបទ្វារទឹក១ ក្នុងកម្រិតកម្ពស់ ១ម៉ែត្រពីបាតទំនប់វារីអគ្គីសនី ។
លោក បានបញ្ជាក់ថា សម្រាប់នៅថ្ងៃទី២៨ ខែកញ្ញា វេលាម៉ោង ១០នាទី នេះ កំពស់ទឹកអាង ១៤៨.៣៤ម៉ែត្រ លំហូរទឹកចូលអាងស្តុក ១៤០.៤៧ម៉ែត្រគូបក្នុងមួយវិនាទី នៅបើកទ្វារទឹកចំនួន១ ដដែល ប៉ុន្តែបន្ថយនៅត្រឹម កម្ពស់កន្លះម៉ែត្រវិញ ។
លោក បន្ថែមថា ការបើកទ្វារទឹកនេះ ធ្វើឡើងនៅក្នុងកម្រិតមួយតិចបំផុត ដើម្បីបង្ការករណីមានភ្លៀងធ្លាក់ច្រើន នៅតំបន់ជួរភ្នំកំចាយ ដូចការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ តាមការពិនិត្យជាក់ស្តែង ការបើកទ្វារទឹកទំនប់វារីអគ្គីនីកំចាយ មិនបានធ្វើឲ្យកម្ពស់ទឹកព្រែកកំពតហក់ឡើងនោះទេ រីឯកអាកាសធាតុក្រុងកំពត មានសភាពរលឹមហើយរាំងៗ ហើយការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋដំណើរការតាមប្រក្រតី ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៨
ពាក់ព័ន្ធនឹងការទទួលរងឥទ្ធិពលព្យុះទីហ្វុង ឈ្មោះ ណូរុ ដែលបានបោកបក់មកលើប្រទេសវៀតណាមនេះដែរ រដ្ឋបាលខេត្តកំពតក៏បាន ណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញ ពាក់ព័ន្ធ សូមមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពិសេសប្រជានេសាទ ពលរដ្ឋរស់នៅ និងប្រកបរបរនៅតាមដងព្រែកកំពត ៕