អ៊ុយក្រែន៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បន្ទាប់ពីការអះអាងរបស់ខ្លួនថា ប្រជាជនដ៏ច្រើនលើសលប់បានគាំទ្រការចូលជាមួយរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រជាមតិដែលរៀបចំតាមដំណាក់កាល។

មន្ត្រីគាំទ្រក្រុងមូស្គូបាននិយាយថា តំបន់ដែលបានចូលកាន់កាប់ចំនួន៤ របស់អ៊ុយក្រែនបានបោះឆ្នោតឲ្យចូលរួមជាមួយរុស្ស៊ី។ យោងតាមមន្ត្រីបោះឆ្នោតដែលតែងតាំងដោយរុស្ស៊ីបានឲ្យដឹងថា ៩៣% នៃសន្លឹកឆ្នោតដែលបានបោះនៅក្នុងតំបន់ Zaporizhzhia គាំទ្រការដាក់បញ្ចូលជាឧបសម្ព័ន្ធ ខណៈ ៨៧% នៅក្នុងតំបន់ Kherson, ៩៨% នៅក្នុងតំបន់ Luhansk និង ៩៩% នៅ Donetsk។ ការបោះឆ្នោតប្រជាមតិបានចាប់ផ្តើមចាប់តាំងថ្ងៃទី២៣ ខែកញ្ញា ដោយមានមន្ត្រីប្រដាប់អាវុធទៅប្រមូលសន្លឹកឆ្នោតពីលំនៅឋានមួយទៅលំនៅឋានមួយ។ សន្លឹកឆ្នោតបានសួរពលរដ្ឋថា តើពួកគេចង់ឱ្យតំបន់នេះត្រូវបានដាក់បញ្ចូលជាមួយប្រទេសរុស្ស៊ីដែរ ឬទេ។ កាលពីឆ្នាំ២០១៤ អាជ្ញាធររុស្ស៊ីបានធ្វើប្រជាមតិស្រដៀងគ្នានេះនៅលើឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់ទាហានរុស្ស៊ី។ ផ្អែកលើការបោះឆ្នោត រុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមៀ លោក Puitin បានលើកឡើងពីការការពារប្រជាជនរុស្សីដែលរស់នៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីដឹងថា មន្ត្រីគាំទ្រទីក្រុងមូស្គូបាននិយាយថា ប្រជាជននៅក្នុងតំបន់ Zaporizhzhia បានបោះឆ្នោតឱ្យចូលរួមជាមួយប្រទេសរុស្ស៊ី។ លោក Zelenskyy និយាយថា នៅចំពោះមុខក្រសែភ្នែករបស់ពិភពលោកទាំងមូល ប្រទេសរុស្ស៊ីកំពុងបោះឆ្នោតប្រជាមតិដែលគេហៅថា ជាការបោកបញ្ឆោតនៅលើទឹកដីរបស់អ៊ុយក្រែនដែលបានចូលមកកាន់កាប់៕
អត្ថបទ៖ ប៊ុនថន