ត្បូងឃ្មុំ៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលប្រឈមនឹងបាក់ធ្លាក់ចូលទន្លេមេគង្គ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ជួយរុះរើផ្លាស់ទៅរកទីសុវត្ថិភាព ព្រោះច្រាំងទន្លេនៅតំបន់នោះ នឹងត្រូវបាក់ស្រុតបន្តទៀត។
លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការបាក់ស្រុតច្រាំង ទន្លេនេះ គឺបានបង្កឡើងដោយសារទឹកហូរបុកខ្លាំង និងបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ ។ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលប្រឈមខ្លាំង មានចំនួន៥ខ្នង ហើយច្រាំងទន្លេ ដែលបានបាក់ស្រុត ចូលទៅក្នុងទឹកទន្លេនោះ មានទទឹងប្រវែង ១៥ម៉ែត្រ និងបណ្ដោយប្រវែង៦០ម៉ែត្រ។
ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ ដែលបានជួយអន្តរាគមន៍រុះរើផ្ទះរបស់ពួកគេ ហើយក៏បានសំណូមពរដល់អាជ្ញាធរពាក់ ព័ន្ធ ជួយផ្ដល់ដីធ្លីសម្រាប់សាងសង់លំនៅឋានថ្មី និងអន្តរាគមន៍ ជួយទប់ច្រាំងទន្លេ កុំឲ្យបន្តបាក់ស្រុតទៀត។
តាមការឱ្យដឹង រយៈពេល២ថ្ងៃនេះ កម្លាំងនគរបាលស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋានស្រុកត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍រុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលប្រឈមការបាក់ច្រាំងទន្លេមេគង្គ នៅចំណុចភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ និងបានអំពាវនាវ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ៕ អត្ថបទ៖ ថុង សីហា





