ភ្នំពេញ៖ បច្ចុប្បន្ន ល្បែងស៊ីសងខុសច្បាប់នៅរាជធានីភ្នំពេញ មានការថមថយជាងមុន ក្រោយអាជ្ញាធររាជធានីភ្នំពេញចុះបង្រ្កាប។
ការចុះបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ នៅថ្ងៃទី១៧ ខែកញ្ញ នេះ បានចេញ បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ។
ពលរដ្ឋរស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានប្រាប់BTVឲ្យដឹងថា តាមការសង្កេត ឥឡូវនេះ ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរស់នៅ មានការថមថយជាងមុន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប។ ពួកគេបានគាំទ្រចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងនេះ ដើម្បីផលប្រយោជន៍ ប្រទេសជាតិ និងប្រជាពលរដ្ឋ។
កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ បង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្រៅពីនេះ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណា ដែលមិនទទួលខុសត្រូវលើតួនាទី បណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រោយមានបទបញ្ជារបស់សម្តេចតេជោរួចមក គណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស បានបើកកិច្ចប្រជុំជាបន្ទាន់រៀងៗខ្លួន ដើម្បីដាក់ផែនការចុះបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន។
សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ ជាលទ្ធផល គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា នេះ កម្លាំងគណៈបញ្ជាការឯកភាព បានបើកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បាន៧៦ករណី ឃាត់ខ្លួន មនុស្សចំនួន១៤៦នាក់។
បទល្មើស មានដូចជា ឆ្នោតវៀតណាម ហាងបញ្ចាំងខុសច្បាប់ ល្បែងអនឡាញ បៀរ ម៉ាស៊ីនអនឡាញ និងឆ្នោតឡូតូខុសច្បាប់ ៕ អត្ថបទ៖ ទូច សោភ័ណ