តាកែវ៖ ប្រជាពលរដ្ឋជាង ១០០០ គ្រួសារ ដែលរស់នៅក្នុង ភូមិត្រពាំងខ្នា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ កំពុងរអ៊ូរទាំនឹងផ្លូវលំជនបទក្នុងភូមិចំនួន ៣ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ដែលកំពុងរងការខូចខាតយ៉ាងដំណំ ចាប់តាំងពីដើមភូមិរហូតដល់ចុងភូមិ និងបង្កការលំបាកជាខ្លាំងដល់ការធ្វើដំណើរទៅមកប្រចាំថ្ងៃ។
លោក ឌី ខន ប្រធានភូមិត្រពាំងខ្នា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ឱ្យដឹងថា ផ្លូវទាំង៣ខ្សែ ក្នុងភូមិរបស់លោក គឺបានខូចខាតបែបនេះជាច្រើនឆ្នាំមកហើយ ជាពិសេសនៅរដូវវស្សាតែម្ដងគឺពិតជាពិបាកធ្វើដំណើរណាស់ ប៉ុន្តែមកទល់ពេលនេះពុំឃើញមានទម្លាក់ថវិកាដើម្បីជួសជុលផ្លូវទាំង៣ខ្សែនេះឡើយ។ លោក បានបន្តថា កន្លងមក ក្នុងនាមលោកជាអាជ្ញាធរភូមិ ក៏បានស្នើសុំប្រើប្រាស់ថវិកាមូលនិធិឃុំបន្តិចបន្តួចដែលរៃអង្គាសពីប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីជួសជុលខ្លះដែរ ប៉ុន្តែមិនអាចជួសជុលបានស្អាតទាំងស្រុងនោះទេ។
លោកប្រធានភូមិខាងលើនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមផ្លូវទាំង៣ខ្សែ មាន១ខ្សែប្រវែងជាង ១,៥ គីឡូម៉ែត្រ ដែលអូសកាត់ក្នុងភូមិ គឺរងការវាយប្រហារដោយទឹកជំនន់សឹងតែរៀងរាល់ឆ្នាំ។ លោក បន្តថា កាលពីពីរឆ្នាំកន្លងទៅផ្លូវ១ខ្សែនេះត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់ជាច្រើនកន្លែង។
បន្ថែមពីលើបញ្ហាផ្លូវ លោក ឌី ខន ប្រធានភូមិត្រពាំងខ្នា បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗ កន្លងទៅនេះ ទឹកជំនន់បានធ្វើឱ្យបាក់ស្ពាន ១កន្លែងបន្ថែមទៀត ហើយទឹកបានហូរច្រោះទំបន់ប្រឡាយមេក្នុងភូមិ ធ្វើឱ្យបាក់ខ្នងទំនប់លិចលុងផ្ទះសំបែង និងស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនហិកតា។
នៅចំពោះមុខនេះ ទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋជាង ១០០០គ្រួសារ បានសំណូមពរដល់រដ្ឋបាលស្រុកសំរោង និងលោកអភិបាលខេត្តតាកែវ មេត្តាចុះពិនិត្យមើលពីបញ្ហាលំបាកជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានផង។
ជាមួយគ្នានេះ ពួកគាត់ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល និងសប្បុរសជននានា មេត្តាជួយជួសជុលផ្លូវទាំង៣ខ្សែនេះ ដើម្បីជួយសម្រួលការធ្វើដំណើរឱ្យបានស្រួលជាងមុន និងដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានប្រសើរជាងមុនផង៕





