អ៊ុយក្រែន៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ពុំមានសញ្ញាដែលថា ក្រុមអ្នកគាំទ្រទីក្រុង Kiev នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងបង្កើនការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ឆ្លើយតបទៅនឹងការកេណ្ឌកម្លាំងទ័ពមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ីទេ។

ក្រុមមន្ត្រីនៅក្នុងទីក្រុង Kiev និយាយថា ពួកគេត្រូវការប្រព័ន្ធបាញ់គ្រាប់រ៉ូកែតពហុជំនាញ និងរថក្រោះបន្ថែមទៀតដើម្បីជួយនូវអ្វីដែលពួកគេហៅថាការពង្រីកសង្គ្រាមដោយរុស្ស៊ី ដោយសំដៅដល់សកម្មភាពរបស់ទីក្រុង Moscow ក្នុងការកោះហៅទាហានបម្រុងប្រមាណ ៣សែននាក់ដើម្បីពង្រឹងកម្លាំងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយរូបរបស់អឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារនេះថា វាមិនទំនងជានឹងមានការបង្កើនចំនួនអាវុធដ៏ច្រើនដល់ទីក្រុង Kiev ឬថា មានបម្រាមថ្មីណាមួយនឹងត្រូវបានបំបែកដោយលោកខាងលិច ក្នុងការសម្រេចផ្ដល់ប្រភេទអាវុធបែបណានោះទេ។
លោកបានពន្យល់ថា នេះដោយសារតែសហរដ្ឋអាមេរិកមានការប្រយ័ត្នប្រយែង ក្នុងការបង្កជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ីតាមរយៈការផ្ដល់អាវុធទំនើបបន្ថែមទៀត ហើយឃ្លាំងស្តុកអាវុធដ៏សំខាន់របស់សហភាពអឺរ៉ុបខ្លួនឯងពេលនេះជិតអស់ហើយដែរ។ មន្ត្រីចំនួន ៤នាក់បានប្រាប់សារព័ត៌មាន Bloomberg ថា ពួកគេមើលពុំឃើញសុចនាករណ៍របស់បណ្ដារដ្ឋាភិបាលសហភាពអឺរ៉ុប ក្នុងការត្រៀមផ្ដល់អាវុធជុំថ្មីដល់អ៊ុយក្រែននោះទេ៕
អត្ថបទ៖ សុខមាន