ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រពិភពលោក ៧សម័យ Stephen Hendry ក្តីសង្ឃឹមចង់ឡើងប្រកួតជើងឯកពិភពលោកសារជាថ្មី ក្រោយវិលពីចូលនិវត្តន៍នោះបានរលាយសាបសូន្យ ក្រោយចាញ់កីឡាករចិន Xu Si ធ្ងន់ករក្នុងវគ្គជំរុះជុំទី២។

បន្ទាប់ពីយកឈ្នះ Jimmy White ក្នុងវគ្គជំរុះជុំទី១ Stephen Hendry មិនមានជោគវាសនាល្អទៀតឡើយ ទោះបីចាប់ផ្ដើមការប្រកួតដោយយកឈ្នះហ្វ្រេមដំបូងលើ Xu Si ក៏ដោយ។ ក្រោយមក Xu Si ក៏បានយកឈ្នះវិញ ៦ហ្វ្រេមផ្ទួនៗធ្វើអោយចប់ការប្រកួតឈ្នះ ៦-១ហ្វ្រេម។ វ័យទើបតែ ២៣ឆ្នាំកីឡាករចិន Xu Si បើប្រៀបធៀបនឹង Stephen Hendry ដែលមានវ័យ ៥៣ឆ្នាំ ពេលដែល Xu Si កើតគឺរយៈពេល ៨ឆ្នាំបន្ទាប់ពី Hendry ឈ្នះជើងពិភពលោកលើកដំបូង។
Stephen Hendry បាននិយាយក្រោយចប់ការប្រកួតថា លោកមិនរំពឹងថានឹងអាចមានមុខនៅការប្រកួតជើងឯកពិភពលោកឡើយ ទោះបីឈ្នះ Jimmy White ជុំទី១ ក៏ដោយ។ ចំណែក Xu Si ក្រោយឈ្នះ Hendry នៅជុំទី២ នេះ នឹងត្រូវឆ្លងកាត់វគ្គជំរុះនេះ ២ជុំទៀតដើម្បីមានមុខនៅការប្រកួតជើងឯកពិភពលោកនៅថ្ងៃទី១៧ ខែមេសាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ