បន្ទាយមានជ័យ៖ ក្នុងពេលអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តាខេត្ត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថាក្នុងចំណោមខេត្តចំនួន៤ មានតែភូមិសាស្រ្តខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងជាងគេ ពិសេសគឺស្រុកព្រះនេត្រព្រះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងប្រាប់BTV បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងឃុំទឹកជោរស្ថិតក្នុងស្រុកព្រះនេត្រព្រះ ដោយបញ្ជាក់ថាស្ថានភាពទឹកជំនន់ខេត្តកំពង់ធំ បានស្រកចុះបន្តិច និងបន្តហូរទៅបឹងទន្លេសាប។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថាក្នុងចំណោមខេត្ត៤ ដូចជា កំពង់ធំ ឧត្តរមានជ័យ សៀមរាប និងបន្ទាយមានជ័យ ឃេីញថា មានតែខេត្តបន្ទាយមានជ័យប៉ុណ្ណោះ បានរងផលប៉ះពាល់ខ្លាំងជាងគេ ខណតាមរបាយការណ៍ខេត្តបន្ទាយមានជ័យមានក្រុង-ស្រុកចំនួន៥ ដោយមានប្រជាពលរដ្ឋសរុបជាង៧ពាន់គ្រួសាររងគ្រោះជំនន់ ក្នុងនោះស្រុកព្រះនេត្រព្រះមានចំនួនជាង៤ពាន់គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពជិត៣០០គ្រួសារ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថាទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដោយសារការហូរស្រុងពីខេត្តឧត្តរមានជ័យដែលភ្លៀងបន្តធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាតាមជួរភ្នំដងរ៉ែក។ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើបាតុភាពធម្មជាតិថ្មីនេះបន្ថែមពីលើគ្រប់កម្លាំងប្រតិបត្តិការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមលក្ខណៈសម្បត្តិឆ្លើយតបបន្ទាន់ក្នុងករណីមានការជន់លិចធ្ងន់ធ្ងរ។
ទន្ទឹមគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវទៅដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមបណ្តារាជធានី ឱ្យត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោង ចេញជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានការលិចធ្ងន់ធ្ងរ។
ជាមួយនឹងការអំពាវនាវទៅកាន់អាជ្ញាធរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឈមការជន់លិច ឱ្យត្រៀមលក្ខណៈសម្បត្តិជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងលើកដាក់ទ្រព្យសម្បត្តិទាំងឡាយនៅទីខ្ពស់បញ្ចៀសការលិចលង់។ បន្ថែមលេីសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រញាប់ទាក់ទងទៅអាជ្ញាធរជាបន្ទាន់នៅពេលផ្ទះសម្បែងខ្លួនរងការគំរាមពីជំនន់ទឹកភ្លៀង ជាពិសេសត្រូវប្រយ័ត្នប្រយែងកូនចៅតូចៗមិនឱ្យលេងទឹក អាចប្រឈមនឹងគ្រោះថ្នាក់លង់ទឹក៕ អត្ថបទ ៖ ឧត្ដម










