ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យឯកឧត្តម Stefan MESSERES ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារលើវិស័យវប្បធម៌ នាទីស្ដីការក្រសួង។
ក្នុងជំនួបពិភាក្សាការងារនេះកម្ពុជា-អាល្លឺម៉ង់ បានលើកឡើងពីសមិទ្ធផលរួមគ្នា ដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ជាមួយគ្នានោះលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងអំណរគុណដល់ភាគីអាឡឺម៉ង់ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវប្បធម៌ ក៏ដូចជាការងារអភិរក្សប្រាសាទនៅតំបន់អង្គរ និងការងារផ្សេងៗទៀតដូចជាការផ្សព្វផ្សាយ ស្វែងយល់ដឹងពីរបបខ្មែរក្រហម នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ដូច្នេះទាំងកម្ពុជានិងអាឡឺម៉ង់ពេញចិត្តលើសមិទ្ធផលនានាដែលបានរួមគ្នាធ្វើនាពេលកន្លងមក។
ពាក់ព័ន្ធនឹងសកម្មភាពនាពេលអនាគតភាគីអាឡឺម៉ង់រីករាយ បន្តគាំទ្រនិងជួយឧបត្ថម្ភ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងការងារអភិរក្សលើសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបី និងរូបី រួមទាំងកិច្ចការងារផ្សេងៗទៀតដែលភាគីអាឡឺម៉ង់មានលទ្ធភាពជួយដល់កម្ពុជា លើវិស័យវប្បធម៌។
ដើម្បីជំរុញឲ្យកិច្ចការងារនេះកាន់តែល្អប្រសើរ ឯកឧត្តម Stefan MESSERES នឹងរៀបចំឲ្យមានទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាឡឺម៉ង់ ដែលទទួលបន្ទុកលើការងារវប្បធម៌ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការជួយឧបត្ថម្ភគាំទ្រលើការងារវប្បធម៌ រវាងកម្ពុជា-អាឡឺម៉ង់៕ អត្ថបទ ៖ រដ្ឋា








