សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្តាឡើងវិញជំនួយមនុស្សធម៌ ២៣៥លានដុល្លារដល់ជនប៉ាឡេស្ទីន ធ្វើឲ្យសម្ព័ន្ធមិត្តអ៊ីស្រាអែលខកចិត្តជាខ្លាំង ស្របពេលដែលលោកសន្យាជំរុញឲ្យមានដំណោះស្រាយ ២រដ្ឋ។

លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមឡើងវិញ ការផ្តល់ជំនួយដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលអ្នកឡើងកាន់តំណែងមុនរបស់លោកបានបំផ្លាញ។ ខណៈពេលនោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយជាថវិកា ១៥០លានដុល្លារដល់ទីភ្នាក់ងារ UN និង ៧៥លានដុល្លារជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់តំបន់កាន់កាប់វ៉េសប៊ែង និងហ្គាហ្សា ស្ទ្រីប ក៏ដូចជាជំនួយ ១០លានដុល្លារសម្រាប់កិច្ចខិតខំបង្កើតសន្តិភាព។ សេចក្ដីថ្លែងការណ៍របស់សេតវិមានបាននិយាយថា នៅក្នុងជំនួបតាមទូរស័ព្ទជាមួយព្រះមហាក្សត្រ អាប់ឌុលឡាទី២ របស់ហ្សកដានី ដែលជាសម្ព័ន្ធយូរអង្វែងរបស់អាមេរិក លោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រឲ្យមានដំណោះស្រាយ ២រដ្ឋក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
ដោយឡែក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្ល៊ីនឃិន បាននិយាយថា ជំនួយសហរដ្ឋអាមេរិកដល់ជនប៉ាឡេស្ទីន គឺបម្រើឲ្យផលប្រយោជន៍ និងគុណតម្លៃសហរដ្ឋ អាមេរិក ជាមធ្យោបាយឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២។ លោកបន្តថា យើងនឹងផ្តល់ជំនួយសំខាន់ដល់អ្នកដែលកំពុងត្រូវការខ្លាំងបំផុត ពង្រឹងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទ្រទ្រង់ការយោគយល់ ការសម្របសម្រួលសន្តិសុខ និងស្ថិរភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
អត្ថបទ៖ សារ៉ាត់