
ភ្នំពេញ ៖ អាជ្ញាធរភ្នំពេញបន្តចុះត្រួតពិនិត្យឃ្លាំងបញ្ចាំម៉ូតូ៣ទីតាំងនបន្ថែមទៀតដោយដកហូតម៉ូតូបានចំនួន១៤០គ្រឿង
អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី២៨ ខែកញ្ញានេះ បានបន្តចុះត្រួតពិនិត្យឃ្លាំងទទួលបញ្ចាំ និងស្តុកម៉ូតូ ចំនួន៣ទីតាំងបន្ថែមទៀត ដោយប្រតិបត្តិការនេះ បានធ្វើការដកហូតម៉ូតូមិនមានប្រក្រតីភាព បានចំនួន១៤០គ្រឿង ខណៈម្ចាស់ទីតាំងចំនួនពីរកន្លែងបានរត់គេចខ្លួន និងមួយកន្លែងទៀតត្រូវបានអាជ្ញាធរហៅទៅសួរនាំ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំនិងស្តុកម៉ូតូ ទីតាំងទី១ ស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៤៥គ្រឿង ។ ទីតាំងទី២ ហាងបញ្ចាំ យីហោ ហុក រ៉ាស៊ីង ផ្ទះលេខ៣៥B ផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៧៣គ្រឿង និងហៅម្ចាស់ទីតាំងទៅធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីតាំងទី៣ឃ្លាំងស្តុកទុកម៉ូតូ ស្ថិតនៅផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក ដោយដកហូតម៉ូតូបានចំនួន២២គ្រឿង។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ធ្វើការបង្រ្កាប់បនល្បែងគ្រប់ទម្រង់ នោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការត្រួតពិនិត្យ កន្លែងស្តុក និងបញ្ចាំម៉ូត ជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន៥៣ទីតាំង ក្នុងចំណោមជាង៦០ទីតាំង បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ អាជ្ញាធរ បានបិទទីតាំងហាងបញ្ចាំចំនួន១៣កន្លែង ដកហូតម៉ូតូបានចំនួន សរុបចំនួន១១១៣ គ្រឿង រថយន្តចំនួន ១៤ គ្រឿង passapp ចំនួន ១២ គ្រឿងម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធ បានចំនួន៩នាក់ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ




