ស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត បានសហការជាមួយក្រុមការងារគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងារគណនេយ្យសង្គមដល់ គ្រូបង្គោលថ្នាក់ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង។
ឯកឧត្តមឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា គោលបំណង នៃការបើក វគ្គនេះ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋាន អំពី “ផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងពង្រឹងសមត្ថភាពការអនុវត្តការងារ គណនេយ្យសង្គមរបស់ស្រុក ឱ្យស្របតាមក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថាប័ន និង ធនធានមនុស្ស សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ និងការសម្របសម្រួល និងការ ពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដានការយល់ដឹងពីប្រជា ពលរដ្ឋ។
ឯកឧត្តម បានបន្តថា យន្តការអនុវត្តគណនេយ្យភាពសង្គមនេះ ត្រូវបានអនុវត្តជាពីរផ្នែក គឺផ្នែក អ្នកផ្គត់ផ្គង់ គឺជាតួអង្គរដ្ឋ ដែលសំដៅលើអ្នកផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រុមប្រជាពលរដ្ឋ ដែលសំដៅទៅលើតួអង្គមិនមែនរដ្ឋ ដែលជួយសម្របសម្រួលដោយអង្គការសង្គមស៊ីវិល ដែលមានអង្គការ ទស្សនៈពិភពលោកជាអ្នកគាំទ្រអនុវត្តផ្នែកតម្រូវការ នៅក្នុងវិសាលភាព នៃខេត្តស្ទឹងត្រែង ហើយរដ្ឋបាល ថ្នាក់ក្រុង ស្រុក ជាអ្នកទទួលខុសត្រូវលើការអនុវត្តការងារផ្នែកផ្គត់ផ្គង់ ដោយប្រើប្រាស់ធនធានថវិកា របស់ រាជរដ្ឋាភិបាល និងមូលនិធិបរធនបាលកិច្ច។
ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ ជាឆ្នាំដំបូង នៃការអនុវត្តផែនការគណនេយ្យ ភាពសង្គម សម្រាប់ដំណាក់កាលទី២ ដែលក្នុងនោះគណៈកម្មការគ្រប់គ្រងផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម បានអនុម័ត និងពង្រីកវិសាលភាពគ្របដណ្តប់រួមទាំងខេត្តស្ទឹងត្រែងផងដែរ និងផ្តោត ជាបឋមលើសេវារដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សាទាំងអស់ ក្នុងក្រុង ស្រុក ទាំង៦៕


