ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា យើងមិនដែលនិយាយថាប្រទេសយើងល្អឥតខ្ចោះនោះទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និងវាយតម្លៃនោះដែរ បញ្ហាទាំងឡាយ កម្ពុជាមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬអាហ្វ្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និងគ្រប់ជាតិសាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។