ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីភាពមមារញឹក ក្នុងការងារតួនាទីជានាយករដ្ឋមន្ត្រីសម្រាប់កម្ពុជា ដែលសម្តេចបញ្ជាក់ថាគ្មានសិទ្ធិឈឺ,គ្មានសិទ្ធិត្អួញត្អែរ ឬឈប់សម្រាកឡើយ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលឆ្នាំនេះ ប្រជាពលរដ្ឋបានប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រកបដោយជោគជ័យ និងសប្បាយរីករាយ ខុសពីឆ្នាំមុន ដែលយើងប្រារព្ធបានត្រឹមតែប៉ុន្មានបិណ្ឌប៉ុណ្ណោះ ហើយក៏ត្រូវផ្អាកទៅវិញដោយសារការវាយលុកខ្លាំងពីកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះសុខុដុមនីយកម្មសាសនានៅកម្ពុជា ដែលនៅពេលនេះសាសនាទាំងអស់នៅកម្ពុជា បានមកអង្គុយជាមួយគ្នា និងនាំគ្នាគិតគូរ ស្វះស្វែងដោះស្រាយបញ្ហាសង្គម នៃ«វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្វីៗក៏ត្រូវតែមានបកស្រាយឱ្យបានច្បាស់លាស់ពាក់ព័ន្ធការចោទប្រកាន់នានាដូចជា បញ្ហានៃជួញដូរមនុស្ស ហើយដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសអាក្រក់បំផុត។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនដែលនិយាយថាប្រទេសយើងល្អឥតខ្ចោះនោះទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និងវាយតម្លៃនោះដែរ ដែលបញ្ហាទាំងឡាយកម្ពុជា មានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។
- សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ដល់ការធ្វើរបងនៅសហរដ្ឋអាមេរិក តាមព្រំដែនជាមួយប្រទេសនានា គឺធ្វើឡើងដោយសារហេតុផលធំមួយ គឺកាត់ផ្តាច់ចរន្ត នៃការជួយដូរមនុស្សនេះឯង។
- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីចរន្ត នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់អឺរ៉ុប ឬជនភៀសខ្លួន ដោយបញ្ហាសង្គ្រាម តែមានប្រជាជនខ្លះ និងអ្នកសាសនាខ្លះ ដូចជាឥស្លាមសាសនា ត្រូវហាមឃាត់ ឬរើសអើងក្នុងការផ្តល់សិទ្ធិជ្រកកោណ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬអាព្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និងគ្រប់ជាតិសាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាលកម្ពុជា ដែលញាំញីដោយសង្គ្រាម ហើយវាក៏ជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរចល័ត និងភៀសខ្លួនទៅកាន់តំបន់នានា ,ប្រទេសក្បែរខាង ឬប្រទេសទី៣ ដែលនៅក្នុងនោះ ក៏ជាហានិភ័យ នៃទំរង់ការជួញដូរមនុស្សគួរឱ្យព្រួយបារម្ភផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានមានសាសន៍ដល់ការចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា កាលពីពេលកន្លងទៅ ដែលជាប់ពាក់ព័ន្ធការជួញដូរមនុស្ស ជាពិសេសជនជាតិខ្មែរ-ឥស្លាម ទៅកាន់តំបន់នានា ដែលមានអ្នកកាន់សាសនាឥស្លាមរស់នៅ ជាពិសេសទៅកាន់តំបន់មជ្ឈឹមបូព៌ា។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុនប្រជាជនខ្មែរ ត្រូវបានជួញដូរទៅកាន់ប្រទេសនានា តែនៅពេលនេះ ក៏មានជនបរទេសត្រូវបានគេជួញដូរចូលមកកាន់ប្រទេសកម្ពុជាផងដែរ ដែលកត្តាទាំងនេះ គឺជាហេតុផលមួយដែលយើងត្រូវបង្កើតការប្រុងប្រយ័ត្ន និងដោះស្រាយជាបន្ទាន់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការនាំមនុស្សទៅកាន់បរទេសទាំងឡាយ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក ឬប្រទេសអឺរ៉ុប ខណៈដែលមានករណីខ្លះ ក្នុងចំណោមនោះបានរត់គេចមិនព្រមធ្វើដំណើរមកកាន់កម្ពុជាវិញ ដែលធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរ ដែលមិនត្រឹមតែអ្នករត់គេនោះទេ គឺគេដាក់ទ័ណ្ឌកម្មមេគណៈប្រតិភូទាំងមូល និងអាប់ឱនដល់កិត្តិយសប្រទេសផងដែរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដោយគ្មានការលើកលែង ទោះនៅកន្លែងណា ឬតំបន់ណាក៏ដោយ ដែលល្បែងស៊ីសងទាំងនោះ បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងប្រជាជន។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវាដល់គ្រប់និកាយសាសនានៅកម្ពុជា រួមគ្នាដោះស្រាយបញ្ហា នៃការជួយដូរមនុស្សឱ្យបានល្អប្រសើរ ដោយសាសនានានីមួយៗ មានកាតព្វកិច្ចណែនាំ ពន្យល់ អប់រំ ទៅកាន់អ្នកកាន់សាសនានីមួយៗ ពីបញ្ហា នៃការជួញដូរមនុស្សនេះ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទោះកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្មនេះក៏ដោយ និងបានធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក រហូតដល់ឈានទៅចាប់ខ្លួនភេរវករដ៏ធំឈ្មោះ ហាំបាលី បានដោយជោគជ័យ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់យុវជន ដែលចេះបច្ចេកវិទ្យា សូមប្រើប្រាស់ជំនាញរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងស្របច្បាប់ ។ សូមកុំឱ្យជំនាញ និងសកម្មភាពរបស់ខ្លួន ក្លាយជាឧបករណ៍ បម្រើឱ្យការជួញដូរមនុស្ស ឬភេរវកម្មជាដើម។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកសេព ឬប្រើប្រាស់គ្រឿងញៀនមួយចំនួន គឺជនរងគ្រោះ នៃការបោកបញ្ឆោត។ សម្តេចបញ្ជាក់ថា មានអ្នកខ្លះ បានលេប ឬផឹករបស់អ្វីមួយ ដែលផ្តល់ជូនដោយនរណាម្នាក់ ទាំងមិនដឹងថា «របស់នោះជាគ្រឿងញៀននោះទេ»។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យពង្រឹងគោលនយោបាយ ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយមានការចូលរួមពីគ្រប់សាសនាទាំងអស់នៅកម្ពុជា ដើម្បីផ្តល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសន្តិសុខសង្គម ពីអំពើអសកម្ម អំពើពាលាអាវ៉ាសែទាំងឡាយទាំងពួង។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានយន្តការប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស ដែលមិនត្រឹមតែធ្វើនៅថ្ងៃទី២០ ខែសីហានោះទេ គឺយើងធ្វើជារៀងរាល់ថ្ងៃ(មួយឆ្នាំ ៣៦៥ថ្ងៃ) ធ្វើជានិរន្តដោយគ្មានការលើកលែង ឬអាក់ខានឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋអ្នកញៀនល្បែង សូមកែប្រែខ្លួន ទុកលុយ ទុកកាក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្តេចក៏បានចង្អុលបង្ហាញឱ្យបង្ក្រាប ឬឃាត់ខ្លួន មេកន្ទុយលេខនៅតាមភូមិ ឬតំបន់ ដែលមិនព្រមឈប់ និងរៀងចាល។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមានដល់ម្ចាស់អាជីវកម្មឆ្នោត ឬល្បែងស្របច្បាប់ទាំងឡាយ សូមធ្វើសកម្មភាពត្រឹមតែអ្វីដែលបានអនុញ្ញាតប៉ុណ្ណោះ សូមកុំធ្វើលើស បើមិនចង់ប្រឈមនឹងការបិទជាស្ថាពរនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អាជ្ញាធរ និងសមត្ថកិច្ច សូមធ្វើសកម្មភាពបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនោះឱ្យចំគោលដៅ នៃបញ្ហាដែលកើតមាននៅក្នុងសង្គម និងអំពាវនាវដល់គ្រប់សាសនាទាំងអស់ ជួយអប់រំ ណែនាំ ដល់អ្នកកាន់សាសនានីមួយៗពីបញ្ហាល្បែងស៊ីសង។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញពីឆន្ទៈរបស់កម្ពុជា ដោយមិនត្រូវឱ្យកម្ពុជាក្លាយជាឋានសូគ៌ នៃការជួយដូរមនុស្ស និងឧក្រឹដ្ឋកម្មនានាឡើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយើងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ប្រជាពលរដ្ឋខ្មែរយើងនឹងសល់លុយ មានកាក់,គ្រួសារមានសុភមង្គល ហើយសង្គមជាតិមានសណ្តាប់ធ្នាប់ សុខស្ថិរភាព។
- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា ជាពិសេសដូសជំរុញទី៣, ទី៤ និងដូសបន្តបន្ទាប់ តាមការកំណត់របស់ក្រុមគ្រូពេទ្យ។
- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យដកចេញវិធានតម្រូវឱ្យមានកាតចាក់វ៉ាក់សាំងកូវីដ-១៩ ពីអ្នកដំណើរចូលមកកម្ពុជា ព្រោះកាលៈទេសៈនេះ មិនចាំបាច់នោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលចូលរួមសន្និបាតអង្គការសហប្រជាជាតិ និងទៅប្រទេសនានា សម្តេច និងគណៈប្រតិភូកម្ពុជា មិនមានការទាមទារស្វែងរកកាតចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ ដោយសារកាលៈទេសៈនេះមិនចាំបាច់ និងតម្រូវទៀតទេ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពិភពលោកពោរពេញដោយការប្រែប្រួល និងភាពស្មុគស្មាញ ដែលពេលមុន អឺរ៉ុបប្រើប្រាស់ហ្គាសដើម្បីចម្អិតម្ហូបអាហារ និងកម្រៅ តែមាននេះ បានប្រើប្រាស់អុស ដើម្បីចម្អិតម្ហូបអាហារ និងកម្រៅទៅវិញ ដោយសារវិបត្តិប្រេង និងឧស្ម័ន។
សង្កថាសម្ដេចតេជោ ហ៊ុន សែន បានចប់នៅវេលាម៉ោង០៩ និង២៤នាទី