តេក្វាន់ដូ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ WT កម្ពុជាបានបង្ហើបថា គោលដៅធំបំផុតរបស់សហព័ន្ធគឺដំណើរឆ្ពោះទៅប្រជែងមេដាយអូឡាំពិក ដោយលោកសង្កត់ធ្ងន់ថា នឹងស្លាប់បិទភ្នែកជិត ប្រសិនកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ។
អគ្គលេខាធិការសហព័ន្ធដដែលបានបញ្ជាក់ថា ស៊ីហ្គេមឆ្នាំ២០២២ គឺជាគោលដៅមួយដែលជាក្ដីសង្ឃឹមសម្រាប់សហព័ន្ធក្នុងការស្វែងរកមេដាយ ព្រោះស៊ីហ្គេម និងកីឡាអាស៊ីសុទ្ធតែតេក្វាន់ដូ WT ធ្លាប់ដណ្ដើមបានមេដាយមាសរួចហើយ នៅឡើយកីឡាអូឡាំពិក។ ដូច្នេះមហិច្ឆតារបស់សហព័ន្ធគឺធ្វើម៉េចដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីឆ្ពោះទៅសម្រេចគោលដៅនេះ។ គួរដឹងថា ក្រោយពីដណ្ដើមបានមេដាយស៊ីហ្គេមជាបន្ដបន្ទាប់ តេក្វាន់ដូ WT កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រជូនជាតិ ដោយដណ្ដើមមេដាយមាសកីឡាអាស៊ីលើកដំបូងតាមរយៈវីរៈកីឡាការិនី ស៊ន សៀវម៉ី កាលពីឆ្នាំ២០១៤។ រីឯការប្រកួតកីឡាអូឡាំពិក ពួកគេទើបឆ្លងផុតវគ្គជម្រុះដើម្បីទទួលបានសិទ្ធចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកនេះម្ដងប៉ុណ្ណោះ ដោយវីរៈកីឡាការិនី ស៊ន សៀវម៉ី ដដែលកាលពីឆ្នាំ២០១៦ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា