រុស្ស៊ី៖ វិមានក្រឹមឡាំងបានសម្រេចថា នឹងមិនប្រញាប់ប្រញាល់ដាក់បញ្ចូលជាផ្លូវការ នៃដែនដីដែលបានគ្រប់គ្រងនៅអ៊ុយក្រែនជាមួយរុស្ស៊ីទេ ហើយនឹងផ្អាកការបិទព្រំដែនរុស្ស៊ី។ សេចក្ដីសម្រេចចុងក្រោយត្រូវបានអនុម័ត ស្របពេលមានការរិះគន់កើនឡើងចំពោះការកេណ្ឌកម្លាំងទ័ពក្នុងចំណោមពលរដ្ឋរុស្ស៊ី។ ប្រភពពីសារព័ត៌មានរុស្ស៊ី Meduza ដោយសំអាងដល់ប្រភពមួយចំនួនស្និទ្ធនឹងរដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី។

ប្រភពនានារបស់សារព័ត៌មាន Meduza បាននិយាយថា វិមានក្រឹមឡាំងបានសម្រេចចិត្តមិនប្រញាប់ប្រញាល់នោះទេ ព្រោះការដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ដែនដីអ៊ុយក្រែនចូលជាមួយរុស្ស៊ី ដែលលោក Putin មើលឃើញថា ជាប្រភពមានសក្ដានុពលនៃការបង្កើនការគាំទ្រជាសាធារណៈ នឹងប៉ះពាល់ដល់ទំនាក់ទំនងសាធារណៈ ប្រឆាំងនឹងការមិនពេញចិត្តដែលកំពុងពុះកញ្ជ្រោលក្នុងស្រទាប់ពលរដ្ឋរុស្ស៊ី ជុំវិញការកេណ្ឌកម្លាំងទ័ព។ ប្រភពទាំងនោះបាននិយាយថា អ្វីគ្រប់យ៉ាងនឹងត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធ ប៉ុន្តែមិនប្រញាប់ខ្លាំងនោះទេ។ វិមានក្រឹមឡាំងមិនទាន់បានបញ្ចុះបញ្ចូលពលរដ្ឋរុស្ស៊ីថា រុស្ស៊ីត្រូវការដែនដីទាំងអស់នោះទេ។
ស្របពេលជាមួយគ្នានោះដែរប្រភពមួយក្នុងចំណោមប្រភពជាច្រើន ជាបុគ្គលមួយរូបស្និទ្ធនឹងវិមានក្រឹមឡាំងបានលើកឡើងថា ការពន្យាពេលក្នុងការដាក់បញ្ចូលជាឧបសម្ព័ន្ធផ្លូវការនៃដែនដីរបស់អ៊ុយក្រែន ក្រោយឈ្នះការធ្វើប្រជាមតិជាមួយរុស្ស៊ីអាចបណ្ដាលមកពីការពិតដែលថា រដ្ឋាភិបាលរុស្ស៊ីចង់ងាកទៅរកការចរចាជាមួយអ៊ុយក្រែន និងលោកខាងលិច។ ប្រភពដដែលនោះបានបន្ថែមថា ប្រធានាធិបតី Vladimir Putin ជឿថា លោកពុំមានអ្វីត្រូវពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែននោះទេ ព្រោះលោក Volodymyr Zelenskyy ត្រូវបានចោទប្រកាន់ថា ជាអាយ៉ងរបស់លោកខាងលិច៕
អត្ថបទ៖ សុខមាន