សហរដ្ឋអាមេរិក៖ ព្យុះសង្ឃរាដែលកំពុងគំរាមកំហែងដល់អាយុជីវិត បានវាយបោកបក់លើតំបន់ឆ្នេរភាគនិរតីរបស់រដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បណ្ដាលឲ្យមានភ្លៀងធ្លាក់បង្កជាទឹកជំនន់ និងខ្យល់ខ្លាំង និងបង្កើនកម្រិតព្យុះដ៏មហន្តរាយនេះ។

ព្យុះសង្ឃរាអាយអិន (Ian) នេះបានបក់នាំកម្លាំងខ្យល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងជិតស្មើកម្រិតព្យុះប្រភេទទី៥ ដែលត្រូវបានចាត់ថ្នាក់ជាខ្យល់មានកម្លាំងខ្លាំងបំផុត។ ពលរដ្ឋ Florida រាប់លាននាក់ដែលមានលំនៅឋានចុះផ្លូវព្យុះនេះត្រូវបានស្ថិតក្រោមបញ្ជាឲ្យជម្លៀសចេញ។ អ្នកដែលបន្តសា្នក់នៅកំពុងប្រឈមនឹងព្យុះមួយក្នុងចំណោមព្យុះដ៏គ្រោះថ្នាក់បំផុត ដែលបានវាយប្រហារសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ពលរដ្ឋ Florida ជាង ១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះសង្ឃរា Ian បានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសគុយបា។

ព្យុះដ៏ខ្លាំងក្លានេះត្រូវគេរំពឹងថានឹងបង្កឲ្យមានទឹកជំនន់នៅទូទាំងតំបន់នៃរដ្ឋ Florida ខណៈដែលព្យុះនេះបានបោះពួយទៅភាគឦសាន និងយ៉ាងហោចណាស់មានការិយាល័យនគរបាលមួយ ស្ថិតនៅតាមតំបន់ឆ្នេរបានរាយការណ៍ថា ទទួលបានការហៅទូរស័ព្ទពីមនុស្សដែលបានជាប់ក្នុងលំនៅឋានរបស់ពួកគេ។ ចំណុចកណ្ដាលរបស់ព្យុះនេះបានវាយប្រហារឧទ្យាន Cayo Costa ដែលជាកោះនៅមាត់ឆ្នេរសមុទ្រ ដែលត្រូវបានការពារស្ថិតនៅភាគខាងលិចទីក្រុង Fort Myers ដែលមានប្រជាជនយ៉ាងច្រើនក្នុងរដ្ឋ Florida៕
អត្ថបទ៖ សុខមាន