បាល់ទាត់៖ ខ្សែការពារ Liverpool, Ibrahima Konate បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញហើយក្រោយសម្រាករយៈពេល ២ខែដោយសាររបួសសាច់ដុំ។ Konate បានរងរបួសនេះតាំងពីការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីមកដល់ពេលជួបជាមួយក្លិបបារាំង Strasbourg កាលពីចុងខែកក្កដា និងបានអវត្តមានពីការប្រកួតផ្លូវការទាំងស្រុងតាំងពីពេលនោះមក។
កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវបាន Liverpool ទិញមកក្នុងតម្លៃ ៣៦លានផោនពី Leipzig កាលពីរដូវកាលមុន។ ការវិលត្រលប់មកវិញរបស់ Konate ក៏បានធ្វើឱ្យលោក Jurgen Klopp ធូរស្បើយអារម្មណ៍បន្តិចដែរមុនការប្រកួតចុងសប្តាហ៍នេះទទួលភ្ញៀវ Brighton នៅ Anfield។ ដោយឡែកកីឡាករផ្សេងទៀតរួមមាន Alex Oxlade-Chamberlain និង Naby Keita នៅតែមិនទាន់ជាពីរបួសភ្លៅនៅឡើយ ស្របពេលដែលខ្សែការពារ Andy Robertson មានរបួសពេលលេងឱ្យស្កុតឡេន។ របួសបានបង្អាក់ដំណើរមួយចំណែកធំរបស់ Liverpool រដូវកាលនេះដោយពួកគេរកបានត្រឹម ៩ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦លើកនៅ Premier League៕
អត្ថបទ៖នាង សុភាវុធ