វៀតណាម៖ ព្យុះទីហ្វុង Noru បានបក់បោកបំប៉ើងដំបូលផ្ទះ និងកាត់ផ្ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសវៀតណាមភាគកណ្ដាលកាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់រត់រកកន្លែងស្នាក់នៅមានសុវត្ថិភាព បន្ទាប់ពីព្យុះមួយនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០នាក់នៅក្នុងប្រទេសហ្វីលីពីន។

សារព័ត៌មាន Xinhua បានរាយការណ៍ថា អ្នកនាំពាក្យសម្រាប់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Noru ដែលបានវាយប្រហារហ្វីលីពីនកាលពីចុងសប្ដាហ៍កន្លងទៅនេះបានកើនឡើងដល់ ១០នាក់ ខណៈមនុស្ស ៨នាក់នៅតែបាត់ខ្លួននៅឡើយ។ យោងតាមភ្នាក់ងារព្យាករណ៍ជាតិនៅក្នុងទីក្រុង Danang ដែលជាទីក្រុងធំបំផុតទី៣ របស់ប្រទេសវៀតណាម អគារខ្ពស់ញ័ររង្គើ ខណៈព្យុះទីហ្វុងនេះបានបោកបក់កាលពីព្រឹកថ្ងៃពុធដោយនាំមកនូវកម្លាំងខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

មនុស្សជាង ៣សែននាក់នៅក្នុងប្រទេសវៀតណាម បានស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នទាំងយប់អធ្រាត្រ បន្ទាប់ពីក្រុមឧតុនិយមបានព្យាករណ៍ថា ព្យុះនេះនឹងក្លាយជាព្យុះមានឥទ្ធិពលមួយក្នុងចំណោមព្យុះដ៏មានឥទ្ធិពលបំផុត ដែលបានវាយប្រហារប្រទេសនេះ។ ពុំទាន់មានរបាយការណ៍ភ្លាមៗបញ្ជាក់ពីការខូចខាត នៅក្នុងប្រទេសវៀតណាមដោយព្យុះ Noru នេះនៅឡើយទេ។ ព្យុះ Noru ត្រូវបានគេព្យាករណ៍ថានឹងបន្តបោកបក់ក្នុងប្រទេសវៀតណាម និងបោះពួយចូលក្នុងប្រទេសឡាវ មុនពេលវាយប្រហារខេត្ត Ubon Ratchathani ភាគឦសានរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ និងចុះថយកម្លាំងបន្តិចម្ដងៗក្លាយជាវិសម្ពាធត្រូពិក៕
អត្ថបទ៖ សុខមាន