សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងពិចារណា លើដំណោះស្រាយការទូតជាមួយកូរ៉េខាងជើង បើសិនជាវាអាចបោះជំហានឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរបាន។
នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោកស្រី ផ្សាគី បដិសេធន៍មិនធ្វើសេចក្តីអធិប្បាយលើរបាយការណ៍ របស់ក្រុមស្រាវជ្រាវសហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះ ស្ដីពីសកម្មភាពនៅរោងចក្រផលិតនាវាស៊ីនប៉ូរបស់កូរ៉េខាងជើង ដែលក្រុមអ្នកវិភាគអះអាងថា វាអាចជាផ្នែកមួយនៃសកម្មភាពត្រៀមសាកល្បងមីស៊ីលបាលីស្ទិក បាញ់ចេញពីនាវាមុជទឹក។ លោកស្រី បង្វែរសំណួរទាំងនេះទៅកាន់មន្ទីរបញ្ចកោណវិញ។ លោកស្រីបាននិយាយថា ពួកយើងមានគោលដៅច្បាស់លាស់ពាក់ព័ន្ធនឹងកូរ៉េខាងជើង គឺការរំសាយអាវុធនុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ។ ពួកយើងនឹងបន្តទណ្ឌកម្ម ពួកយើងនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ហើយពួកយើងត្រៀមពិចារណា លើការបង្កើតដំណោះស្រាយការទូត បើសិនជាវាធ្វើឲ្យពួកយើងបោះជំហាន ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលបានឡើងកាន់តំណែងកាលពីខែមករាកន្លងទៅបាននិយាយថា ពួកគេស្ថិតនៅក្នុងដំណាក់កាលផ្ដាច់ព្រ័ត្រ នៃការពិនិត្យមើលដំណោះស្រាយការទូតជាមួយកូរ៉េខាងជើង។ សូមបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងបានឡើងកម្ដៅសារជាថ្មីម្តងទៀត ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិកកាលពីដើមខែនេះ៕
អត្ថបទ៖ សារ៉ាត់