អ៊ីរ៉ាក់៖ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ១៣នាក់បានស្លាប់ និង ៣២នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់ជនជាតិឃឺដរបស់ប្រទេសអ៊ីរ៉ាក់ ខណៈអ៊ីរ៉ង់បានបាញ់មីស៊ីល និងប្រើយានដ្រូនបំពាក់អាវុធវាយប្រហារទៅលើអ្វីដែលខ្លួនបាននិយាយថា ជាមូលដ្ឋានរបស់ក្រុមប្រឆាំងជនជាតិឃឺដអ៊ីរ៉ង់។

ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនេះ។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករផ្តាច់ខ្លួនដែលបានគាំទ្រកុប្បកម្មកាលពីពេលថ្មីៗនេះ។ ការវាយប្រហារនេះបានកើតឡើង ខណៈបាតុកម្មនៅបន្តហ៊ុមព័ទ្ធសាធារណៈរដ្ឋអ៊ីស្លាមមួយនេះ បន្ទាប់ពីការស្លាប់ស្ត្រីជនជាតិឃឺដម្នាក់ក្នុងមន្ទីរឃុំឃាំងកាលពី ១២ថ្ងៃមុន។ នាង Mahsa Amini អាយុ ២២ឆ្នាំមកពីទីក្រុង Saqez បានមកលេងទីក្រុងតេអេរ៉ង់ នៅពេលនោះនាងត្រូវបាននគរបាលឃុំខ្លួនពីបទរំលោភលើច្បាប់ដ៏តឹងរឹង ដែលតម្រូវឱ្យស្ត្រីគ្របសក់របស់ពួកគេដោយកន្សែង។
នគរបាលបាននិយាយថា នាង Amini បានដួលនៅមណ្ឌលឃុំឃាំង បន្ទាប់ពីទទួលរងជំងឺគាំងបេះដូងភ្លាមៗ។ ប៉ុន្តែក្រុមគ្រួសាររបស់នាងបានច្រានចោលរឿងនេះ ហើយបានចោទថា នាងត្រូវបានក្រុមមន្ត្រីវាយដំ។ នាងបានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីសន្លប់រយៈពេលបីថ្ងៃ។ ក្រុមសិទ្ធិមនុស្សជនជាតិឃឺដនិយាយថា ក្រុមបាតុករជនជាតិឃឺដ ១៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ហើយ ៨៩៨នាក់ផ្សេងទៀតបានរងរបួស និងជាង ១.០០០នាក់ត្រូវបានចាប់ខ្លួន ខណៈអាជ្ញាធរអ៊ីរ៉ង់ព្យាយាមបង្ក្រាបការប្រឆាំងនៅក្នុងតំបន់ និងនៅកន្លែងផ្សេងទៀត៕
អត្ថបទ៖ ប៊ុនថន