ភ្នំពេញ៖ ភាពអំណត់ក្នុងការសិក្សារៀនសូត្រ នៃតួអង្គក្នុងពីខ្សែភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលក្រោយមកទៀត បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា បានក្លាយជាគំរូ សម្រាប់សិស្សានុសិស្ស សង្វាតរៀនសូត្រ ដើម្បីយកគំរូវីរៈតាមសម្តេចតេជោ ហ៊ុន សែន។
សិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ ខែកញ្ញានេះថា នៅបណ្តាសិស្សានុសិស្ស បានទស្សនាភាពយន្តចម្រៀង ជីវិតក្មេងវត្ត នៅតាមផេក Facebook សម្តេចតេជោ។ បន្ទាប់ពីទស្សនាចប់ គេបាន ចែករំលែកសិស្សផ្សេងទៀត បានទស្សនា និងនាំគ្នាយកគំរូតាមតួអង្គតំណាងសម្តេចតេជោ ហ៊ុន សែន ដើម្បីជម្រុញបង្កើនស្មារតីខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតជីវិតផ្ទាល់ខ្លួន និងអនាគតប្រទេសជាតិទៅថ្ងៃអនាគត។
ដោយឡែកបណ្តាសិស្សស្រីៗវិញ បានថ្លែងថា បន្ទាប់ពីទស្សនាសាច់រឿងជីវិតក្មេងវត្ត ដែលមានរយៈពេលជាងកន្លះម៉ោងមក គឺធ្វើឲ្យគេមានអារម្មណ៍ក្ដុកក្ដួលអាណិតតួអង្គឳពុកម្តាយដែលមានជីវភាពក្រីក្រ តស៊ូជម្រុញឲ្យកូនរៀនសូត្រចាកឆ្ងាយពីផ្ទះ ពីស្រុកកំណើត មកស្នាក់នៅវត្តអារ៉ាមបន្តការសិក្សានៅរាជធានីភ្នំពេញ ហើយគេក៏ចង់យកតម្រាប់តាមតួអង្គឳពុកម្តាយ និងតួអង្គតំណាងសម្តេច ក្នុងការជម្រុញកូនបន្តការសិក្សា និងខិតខំសិក្សា ទោះស្ថិតក្នុងជីវិតក្រលំបាកយ៉ាងណាក៏ណាក៏ដោយ។
ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវបើកសម្ពោធដាក់បញ្ជាំងលើកដំបូងនៅ ទីស្តីការក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ ដែលមានរយៈពេលជាង៣០នាទី បានលាតត្រដាងពីជីវិតតស៊ូរបស់សម្តេចតេជោ នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ និងភូមិស្រុក មកផ្ញើវាសនានឹងព្រះសង្ឃក្នុងទីអារាមនៅរាជធានីភ្នំពេញ ដើម្បីស្រវាវិជ្ជា។
ភាពយន្តរឿងជីវិតក្មេងវត្តនេះ ត្រូវបានផ្សព្វផ្សាយទូលំទូលាយតាមគ្រប់មធ្យោបាយ សំដៅបំផុសស្មារតីកុលបុត្រ កុលធីតាខ្មែរ ឲ្យបន្តខិតខំសិក្សារៀនសូត្រ និង ដកស្រង់បទពិសោធន៍ ពីគំរូវីរៈភាពសម្តេចតេជោ ដើម្បីពង្រឹងលើកកម្រិតសមត្ថភាពខ្លួន ព្រមទាំងត្រៀមខ្លួនក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត ៕អត្ថបទ ស៊ុម សុខជា