កំពត៖ បន្ទាប់ពីបានបើករយៈពេលប្រមាណ ៣៤ម៉ោងរួចមក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានបិទទ្វារទឹកទំបន់វារីអគ្គិសនីវិញហើយ បន្ទាប់ពីទឹកអាងស្រកចុះបន្តិចវិញ។ អាកាសធាតុមិនល្អ នៅគ្របដណ្ដប់ក្រុងកំពតនៅឡើយ ដោយមានភ្លៀងរលឹមជាញឹកញាប់។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត លោក សោម វិចិត្រ បានឲ្យដឹងថា ក្រុមហ៊ុនស៊ីណូហាយដ្រូ បានរាយការណ៍មកថា នៅម៉ោង១០ ព្រឹកថ្ងៃនេះ កម្ពស់ទឹកក្នុងអាងស្តុក នៃទំនប់វារីអគ្គិសនីកំចាយស្រកមកត្រឹម ១៤៨.៨៤ម៉ែត្រ ខណៈរំហូរចូលអាង ២៧៥.៩ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ហើយក្រុមហ៊ុនបានបិទទ្វារទឹកទំនប់វារីអគ្គិសនីវិញហើយ។
មកដល់ពេលនេះ តាមការពិនិត្យជាក់ស្តែង អាកាសធាតុនៅក្នុងក្រុងកំពត មិនទាន់ល្អប្រសើរនៅឡើយទេ គឺនៅមានភ្លៀងរលឹមជាញឹកញាប់ ឯកការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋដំណើរការតាមប្រក្រតី ខណៈដែលការងារនេសាទ ក៏បាននឹងកំពុងប្រព្រឹត្តទៅដោយប្រុងប្រយ័ត្នខ្ពស់ដែរ ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត បន្តណែនាំដល់ក្រុមហ៊ុនស៊ីណូដ្រូហាយដ្រូ មន្ត្រីជំនាញ ពាក់ព័ន្ធ ត្រូវបន្តពិនិត្យតាមដានដោយយកចិត្តទុកដាក់ចំពោះបញ្ហាអាកាសធាតុ និងកម្ពស់ទឹក ដោយសារប្រទេសជិតខាង កំពុងទទួលរងឥទ្ធិពលព្យុះទីហ្វុង ណូរុ ជាពិសេស ប្រជានេសាទ ត្រូវបន្ថែមការប្រុងប្រយ័ត្ន ដោយកុំចេញទៅនេសាទឆ្ងាយៗពេក៕ អត្ថបទ៖ អន សារឹម