បាល់ទាត់៖ ខ្សែការពារ Everton, Nathan Patterson នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៥សប្តាហ៍បន្ទាប់ពីរងរបួសកជើង អំឡុងការប្រកួតឱ្យក្រុមជំរើសជាតិស្កុតឡេន។ កីឡាករខ្សែការពារស្លាបស្តាំវ័យ ២០ឆ្នាំរូបនេះបានរងរបួសនេះ អំឡុងការប្រកួតដែលស្កុតឡេនយកឈ្នះអ៊ុយក្រែននៅក្របខណ្ឌ UEFA Nations League កាលពីថ្ងៃទី២១ ខែកញ្ញា។

របួសកជើងរបស់ Patterson ត្រូវទទួលការវះកាត់ និងតម្រូវឱ្យសម្រាករបួសដល់ ៥សប្តាហ៍យ៉ាងតិច។ Nathan Patterson គឺជាសមាជិកសំខាន់របស់ Frank Lampard នៅ Everton ដោយបានចូលលេងគ្រប់នាទីទាំងអស់នៅ Premier League រដូវកាលនេះ។ យ៉ាងណាក្តីរបួសនេះនឹងធ្វើឱ្យកីឡាករវ័យ ២០ឆ្នាំរូបនេះអវត្តមានពីការប្រកួតសំខាន់ៗដូចជាពេលជួប Manchester United នៅថៃ្ងអាទិត្យ ទី៩ ខែតុលា និងជួប Spurs ៦ថ្ងៃបន្ទាប់។ Everton ក៏នឹងត្រូវជួបជាមួយ Newcastle, Crystal Palace និង Fulham ផងដែរមុនពេល English Premier League ត្រូវសម្រាកឱ្យក្រុមជំរើសជាតិត្រៀម World Cup 2022 នៅកាតា៕
អត្ថបទ៖នាង សុភាវុធ