បាល់ទាត់៖ ខ្សែប្រយុទ្ធស៊ុយអែតវ័យ ៣៩ឆ្នាំ Zlatan Ibrahimovic នៅមិនទាន់គិតគូពីរឿងចូលនិវត្តន៍ឡើយ ដោយកំពុងចរចាបន្តកិច្ចសន្យាថ្មីជាមួយក្លិបអ៊ីតាលី AC Milan។ កិច្ចសន្យារបស់កីឡាករវ័យ ៣៩ឆ្នាំរូបនេះជាមួយ AC Milan នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ។

កីឡាករភាគច្រើនមិនថានៅតំបន់អឺរ៉ុប អាមេរិកឡាទីន រឺអាស៊ីឡើយ ភាគច្រើនស្ថិតដល់វ័យនេះសំរេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករទៅហើយ តែ Zlatan មិនត្រឹមតែមិនចូលនិវត្តន៍ទេ ថែមទាំងត្រូវបានកោះហៅចូលក្រុមជំរើសជាតិស៊ុយអែត សារជាថ្មីទៅទៀត។ អតីតខ្សែប្រយុទ្ធ Manchester United រូបនេះរកបាន ១៥គ្រាប់ហើយនៅ Serie A រដូវកាលនេះជាមួយ AC Milan ដែលកំពុងឈរលេខ២ ក្នុងលីគ។
រំលឹកថា Zlatan Ibrahimovic បានមកចូលរួមជាមួយ AC Milan ជាលើកទី២ កាលពីខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីធ្លាប់លេងឲ្យ AC Milan លើកដំបូងនៅរដូវកាល ២០១០-១១ ជាកីឡាករខ្ចីជើងពី Barcelona ហើយក៏ជារដូវកាលដែល AC Milan គ្រងជើងឯក Serie A ផងដែរ មុនពេលដែលចុះកិច្ចសន្យាផ្ទេរផ្តាច់មកកាន់ AC Milan៕
អត្ថបទ៖នាង សុភាវុធ